ព័ត៌មានជាតិ

ក្រសួងកសិកម្ម គាំទ្រ និងលើកទឹកចិត្ត ដល់ការផលិតជីសរីរាង្គព្រៃស្នួល

តាកែវ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសគាំទ្រនិងលើកទឹកចិត្ត ដល់ការផលិតជីសរីរាង្គព្រៃស្នួល ដើម្បីចូលររួមចំណែក កាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ លើការប្រើប្រាស់ ជី ថ្នាំ កសិកម្ម។

ការប្រកាសគាំទ្រនិងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បាន​ដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម​ ចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ក្នុងពេលចុះពិនិត្យជាក់ស្ដែងដល់ទីតាំង សិប្បកម្មជីសរីរាង្គព្រៃស្នួល លោក គង់ ច័ន្ទវាសនា បានលើកឡើងថា ក្រសួងកសិកម្មក្រោមការដឹកនាំរបស់រដ្ឋមន្រ្តី ឌិត ទីណា បានយកចិត្តទុកខ្ពស់ក្នុងការជំរុញឱ្យមានការផលិតជី ថ្នាំកសិកម្មនៅក្នុងស្រុក ដើម្បីធានាបាននូវគុណភាព និងតម្លៃសមរម្យ។

លោក គង់ ច័ន្ទវាសនា បញ្ជាក់ថា ក្រសួងគាំទ្រ និងលើកទឹកចិត្ត ដល់ការផលិតជីសរីរាង្គព្រៃស្នួល ហើយត្រៀមសហការណ៍ជានិច្ចទៅលើបទដ្ឋានបច្ចេកទេស និងការចុះបញ្ជីការសិប្បកម្ម ឱ្យបានសមស្រប។

លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ឌិត ទីណា ដែលបានចាត់តាំង លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចុះមកពិនិត្យដល់ទីតាំងផលិតជីសរីរាង្គព្រៃស្នួល ដោយផ្ទាល់ ថែមទាំងបានគាំទ្រនិងលើកទឹកចិត្ត ក្នុងការផលិតនាពេលនេះ ។

នាឱកាសនេះ ក៏មានការចូលរួមពន្យល់យ៉ាងក្បោះក្បាយ អំពីលក្ខណៈបច្ចេកទេស ពីសំណាក់លោកបណ្ឌិត ហេង ប៊ុនអ៊ី និងបទពិសោធន៍ជាក់ស្ដែង ពីលោក គង់ វ៉ុង កសិករគំរូប្រចាំឃុំចំប៉ា ស្រុកព្រៃកប្បាសផងដែរ៕

To Top