កាប៊ុល៖ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សតិចបំផុតចំនួន ១៤នាក់ បានស្លាប់ដោយសារពុលសារធាតុកាបូនម៉ូណូអុកស៊ីតនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២ ខែកន្លងមកនេះ ។
សារព័ត៌មាន Tolo បានដកស្រង់សម្តីលោក Zadran ដែលបានលើកឡើងថា “ឧប្បត្តិហេតុពុលឧស្ម័នដ៏សាហាវនេះបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួន ១៤នាក់ស្លាប់ ក្នុងនោះរួមទាំងស្ត្រី និងកុមារនៅក្នុងស្រុកផ្សេងៗគ្នានៃទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២ ខែកន្លងមកនេះ” ។
ដោយសារតម្លៃខ្ពស់សម្រាប់ការប្រើប្រាស់អុស និងរបស់ចាំបាច់ផ្សេងទៀត ពលរដ្ឋអាហ្វហ្គានីស្ថាន ជាច្រើនបានងាកមកប្រើហ្គាស ដើម្បីកម្តៅនៅក្នុងផ្ទះរបស់ពួកគេក្នុងអំឡុងខែរដូវរងាខ្លាំងបំផុត ។
សោកនាដកម្មនេះបានបង្ហាញពីកាលៈទេសៈមិនស្ថិតស្ថិរដែលគ្រួសារអាហ្វហ្គានីស្ថានជាច្រើនប្រឈមមុខនៅទូទាំងប្រទេស ជាកន្លែងដែលពួកគេងាយរងគ្រោះជាពិសេសដោយសារការរំពឹងទុកមានកម្រិត និងការលំបាកផ្នែកសេដ្ឋកិច្ចផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា