ព័ត៌មានជាតិ

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​ ខេត្ត​កំពង់ធំ នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត

ខេត្តកំពង់ធំ៖ នៅព្រឹកអាទិត្យថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ទៅឧបត្ថម្ភជូនអតីតយុទ្ទជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅ​ឃុំ​ដងកាំបិត​ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកំទាវបណ្ឌឹតពេជ​ ចន្ទ​មុន្នី​ ដែលជានិច្ចការ​លោកទាំងទ្វេរតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ​ដូច​សព្វថ្ងៃ​នេះ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និង​ត្រូវ​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​ ដែល​យើង​កំពុង​មាន​នេះ​ឲ្យ​នៅ​គង់​វង្ស​ជា​រៀង​រហូត​ ។  ជា​មួយ​នេះ​ដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ក៍បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ និង​អាជ្ញា​ធរ​ដែន​ដី​ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង និង​ល្បែង​ស៊ីសង​ខុស​ច្បាប់​  ដែលមាន​នៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ សូមមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត ។

នៅក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុប្រធាន​ទី​១​នៃគណៈកម្មាធិការ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១យួរ និងត្រីខកំប៉ុងចំនួន ១យួរ  ផងដែរ ។

លោក​លន់​ យ៉េន​ មេឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ តំណាង​ឲ្យ​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ បាន​សូមគោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ព្រមទាំង​ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ និងក្រុម​ការ​ងារ​ទាំង​អស់​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ដល់​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ និង​បាន​បាន​សូមគោរព​ជូន​ពរ​សម្តេច​ លោក​ជំទាវ​បណ្ឌិត​ និង​ឯក​ឧត្ដម​ អស់​លោក​ទាំង​អស់​ សូម​បាន​ប្រកបដោយ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕

ដោយ៖ សំនៀង

To Top