តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. និង Nissan Motor Co បានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុនអំពីផែនការរបស់ពួកគេ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការច្របាច់បញ្ចូលគ្នាមួយ នៅក្នុងអ្វីដែលនឹងបង្កើត ក្រុមផលិតរថយន្តធំ ជាងគេទីបីរបស់ពិភពលោក ដើម្បីដណ្តើមយកគូប្រជែង របស់សហរដ្ឋអាមេរិក និងចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនី។
ក្រុមហ៊ុនទាំងពីរគ្រោងនឹងធ្វើ សន្និសីទសារព័ត៌មាននៅពេលក្រោយ។ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ពួកគេមានបំណងបញ្ចប់ការចរចានៅខែមិថុនា។
ប្រភពបានឲ្យដឹងនៅមុននេះថាក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីរ និងទីបីរបស់ប្រទេសជប៉ុនតាមបរិមាណរៀងៗខ្លួននឹងដំណើរការក្រោមក្រុមហ៊ុនកាន់កាប់ជាមួយក្រុមហ៊ុន Mitsubishi Motors Corp ដែលជាដៃគូ Nissan ដោយពិចារណាចូលរួមជាមួយពួកគេនៅពេលក្រោយ។
ក្រុមហ៊ុន Honda និង Nissan នឹងស្វែងរកការបែងចែកការ ចំណាយលើការ អភិវឌ្ឍន៍យ៉ាងច្រើន និងកាត់បន្ថយការ ចំណាយលើការ ផលិតដោយការ ចែករំលែកសមាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
រថយន្ដ EVs គឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់កំណើន ខណៈដែលអគ្គិសនីបានផ្លាស់ប្តូរឧស្សាហកម្មរថយន្តសកល ប៉ុន្តែក្រុមហ៊ុន Honda និង Nissan និង ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត បានដើរថយក្រោយដៃគូប្រកួតប្រជែងដូចជា Tesla Inc. របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន BYD Co.។
ក្រុមហ៊ុន Honda និង Nissan បានព្រមព្រៀងគ្នាកាលពីខែមីនា ដើម្បីចាប់ផ្តើមការសិក្សាលទ្ធភាពលើភាពជាដៃគូផលិតកម្ម EV ជាយុទ្ធសាស្ត្រ រួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាកម្មវិធីដែលពាក់ព័ន្ធ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនការប្រកួតប្រជែង ៕
ប្រែសម្រួល ឈូក បូរ៉ា