ព័ត៌មានជាតិ

លោក ស៊ីន ចាន់សិរីវុត្ថា ៖ ១១ខែនេះ មានជើងហោះហើរ ជាង៥ម៉ឺនជើង និងអ្នកដំណើរឆ្លង កាត់ជាង៥លាននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២៤នេះ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ម៉ឺនជើង (៥២,៧៣២ ជើង ) មានការកើនឡើងជិត ១៤ % បើធៀប ទៅនឹងរយៈពេលដូចគ្នា (១១ខែ) ឆ្នាំ២០២៣។

នេះបើតាមរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាថ្ងៃ២៣ ធ្នូពីវឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀម រាបអង្គរ-ព្រះសីហនុ។

លោកបន្តថា ក្នុងនោះអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥លាននាក់ (៥,៥៩៩,៨៣១ នាក់) មានការកើនឡើងជាង ២២ % បើធៀបទៅនឹងរយៈពេលដូចគ្នា (១១ខែ) ឆ្នាំ២០២៣។

ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) វិញមានចំនួនជាង ៧ម៉ឺនតោន (៧០,៨៤៥ តោន) កើនឡើងជិត ៤០ % បើធៀបទៅនឹងរយៈពេលដូចគ្នា (១១ខែ) ឆ្នាំ២០២៣។
 
ដោយឡែក សម្រាប់តែខែវិច្ឆិកា ឆ្នាំ២០២៤ (ការប្រៀបធៀប១ខែ រវាងខែវិច្ឆិកា ឆ្នាំ២០២៣ និង ខែវិច្ឆិកា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៥ពាន់ជើង (៥,២៨៥ ជើងកើនឡើងជាង ១២% បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦០ម៉ឺននាក់ (៦៦៨,៤៦៦ នាក់ កើនឡើងជាង ២៥% បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២៣ និងទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង ៧ពាន់តោន (៧,៥៤១តោន)កើនឡើងជិត ៦៨% បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top