ព័ត៌មានជាតិ

វិទ្យាស្ថានជាតិការងារ រៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋាន គតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម ដល់អធិការការងារ”

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក​ អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពី សុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះ នៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក​ អ៉ិន ខេមរា បានស្នើដល់សិក្ខាកាមទាំងអស់នូវចំណុចមួយចំនួនដូចជា (១).យកចិត្តទុកដាក់ស្តាប់ និង ចាប់យកនូវខ្លឹមសារបច្ចេកទេសពីការធ្វើបទបង្ហាញ (២).លើកអំពីបញ្ហាប្រឈម ក្នុងការអនុវត្តជាក់ស្តែងដើម្បីពិភាក្សា និងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព (៣).អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាអធិការការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារដែលជាគោលការណ៍គ្រឹះសម្រាប់មន្ត្រីអធិការកិច្ចការងារត្រូវអនុវត្ត (៤).បន្តអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពី ភាគីពាក់ព័ន្ធ និងពីបងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និង(៥).បន្តចូលរួមអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ និងសន្តិសុខសង្គម៕

To Top