ព័ត៌មានជាតិ

អ្នកនាំពាក្យ សម្តេច ស ខេង អំពាវនាវដល់ជនរួមជាតិ កុំជឿតាមសារ របស់ក្រុមឧក្រិដ្ឋកម្មនយោបាយ

ភ្នំពេញ៖ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿតាមសារ របស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់។

ការលើកឡើងរបស់ក្រុមអ្នកនាំពាក្យសម្តេច ស ខេង នេះ ក្រោយពីលោក សម រង្ស៊ីបានបង្ហោះក្នុងហ្វេសប៊ុកពាក់ព័ន្ធយុទ្ធសាស្ត្រផ្ការីកដោយបានទាញភ្ជាប់ជាមួយក្រុមគ្រួសារសម្តេច និងថ្នាក់ដឹកនាំផ្សេងទៀត កាលពីថ្ងៃ២២ ធ្នូ ។ ក្នុងន័យនោះលោក សម រង្ស៊ីថា “តើនរណាទៅ ធ្វើឲ្យគាត់ភ័យ ដែលចងកំហឹង ប្រុងដកគាត់ចេញ បញ្ចប់របប គ្រួសារនិយម? អាចក្រុម ស ខេង ព្រមទាំង សាយ ឈុំ ដែលឆេះងំៗ”។

តាមរយៈសេចក្ដីប្រកាសថ្កោលទោស អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារ សម្តេចក្រឡារហាម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។

ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើ ទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយ ជញ្ជាំផលិត ផ្សព្វផ្សាយសារ បំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិន ដែលឈ្នះសូម្បីប៉ុនសរសៃសក់។

អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង សូមបញ្ជាក់ជូនថា សម្តេចក្រឡាហោម និង ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ«រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បី ទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់រាជរដ្ឋាភិបាលបន្តវេន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា «សូមអំពាវនាវបងប្អូនជនរួមជាតិទាំងក្នុងនិង ក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច តេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ»៕

To Top