Covid-19

អភិបាលរាជធានី ដឹកនាំកិច្ចប្រជុំបន្ទាន់ លើការគ្រប់គ្រង់ ការធ្វើដំណើរ អនុវត្តតាមបទបញ្ជា នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩

ភ្នំពេញ៖ ដើម្បីឆ្លើយតប  នឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចូលរួម ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ភ្លាមៗនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្ទាន់ ជាមួយភាគីពាក់ព័ន្ធ ត្រៀមរៀបចំផែនការ បិទចរាចរណ៍ សម្រាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត-ក្រុង ស្រុកនានា ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដើម្បីសុវត្ថិភាព ជាតិ និងជីវិតប្រជាជន សម្ដេចពុំមានជម្រើសអ្វី ក្រៅពីបិទការធ្វើដំណើរ ឆ្លងខេត្តទេ ដោយទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុង ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បា តនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី៩ មេសា នេះ ថា «ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឱយល្អជាងការ ចេញបទបញ្ជាបែបនេះទេ។  ប្រសិនមានច្បាប់ គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្ត នាពេលនេះដែរ។ សូមការយោគយល់ ពីសំណាក់បងប្អូនជនរួមជាតិ ក្នុងគ្រាដ៍លំបាកនេះ»៕ ដោយ៖ ដារាត់

To Top