ព័ត៌មានជាតិ

ពលរដ្ឋចំនួន ១០ គ្រួសារ រស់នៅជាប់របង វិទ្យាល័យពោធិ៍សាត់ ចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍ លំនៅដ្ឋានថ្មី

ពោធិ៍សាត់÷ ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ ដែលរស់នៅ និងសាងសង់សំណង់ អនាធិបតេយ្យ លើដីសាធារណះ របស់រដ្ឋនៅជាប់របង វិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ បានមកចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវក្នុង ១ គ្រួសារ ទទួលបានដី ១ ឡូតិ៍ទំហំ ៥ ×២០ ម៉ែត្រ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ពិធីនោះស្ថិត ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នឹង មានការចូលរួមពីលោកអភិបាលរង ខេត្ត,ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និង អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ពាក់ព័ន្ធផងដែរ ។
អភិបាលក្រុងពោធិ៍សាត់ លោក ផាយ ឡេង បានលើកឡើងថា ចំពោះប្រជាពលរដ្ឋ ដែលរស់នៅ លើដីសាធារណះ របស់រដ្ឋជាប់នឹង របងវិទ្យាល័យ ពោធិ៍សាត់ ក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានយល់ព្រមរុះរើ សំណង់អនាធិបតេយ្យ ប្រគល់ដីជូនរដ្ឋវិញ និង ទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មី តាមរយះការចាប់ឆ្នោត មានទំហំ ៥×២០ ម៉ែត្រ ដែលផ្តល់ជូន ដោយរដ្ឋបាលខេត្តពោធិ៍សាត់ ។ ជាមួយគ្នានោះប្រជាពលរដ្ឋក៍បានសំណូមពរដល់អាជ្ញាធរសង្កាត់ ក្រុង និង ខេត្តសុំជាកម្លាំងអោយជួយរុះរើដោយសារគ្មានថវិកា និង គ្មានកម្លាំងពលកម្ម ។

មានប្រសាសន៍នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រូបលោកបានប្តេជ្ញាចិត្តរួម ជាមួយលោក កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ថា នឹងធ្វើអោយខេត្តមួយនេះ កាន់តែប្រែមុខ ប្រែមាត់ ដោយត្រូវរៀបចំ អោយមានសោភ័ណ្ឌភាព អនាម័យ បរិស្ថាន ការរស់នៅប្រកប ដោយផាសុខភាព និង មានសណ្តាប់ធ្នាប់ល្អ ដោយចាប់ផ្តើមមុនគេ គឺការរៀបចំកែលម្អរច្រាំងស្ទឹង ចាប់ពីចំនុចចចុងកោះត្រើយម្ខាង និងជំហ៊ានបន្ទាប់ ចាប់ពីចំនុចផ្សារក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ។
ជាក់ស្តែងដូចជា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចក្បាលហុង រហូតដល់ស្ពាន អាកាសផ្លូវវាងក្រុង ចំនួន ៥៦ គ្រួសារ គឺទទួលបានដីឡូតិ៍លំនៅដ្ឋានថ្មី ជាការដោះស្រាយគោលនយោបាយ អោយពួកគាត់ចាកចេញ ពីដីដីសាធារណះរបស់រដ្ឋ ដើម្បីយកទីតាំងនោះ មកធ្វើការអភិវឌ្ឍន៍ កែលម្លរ ជាច្រាំងស្ទឹងឡើងវិញ ។

ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនិងសាងសង់សំណង់ អនាធិបតេយ្យលើដីសាធារណះរបស់រដ្ឋ នៅជាប់នឹងរបងវិទ្យាល័យពោធិ៍សាត់ ប៉ែកខាងជើង ក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ទាំង ១០ គ្រួសារនេះ គឺពិតជាបានអនុវត្តត្រឹមត្រូវ ទៅតាមគោលការណ៍ របស់អាជ្ញាធរ ដោយបានត្រៀមរុះរើ និងយល់ព្រមទទួលយក ដីឡូតិ៍លំនៅដ្ឋានថ្មីមានទំហំ ៥×២០ ម៉ែត្រ ។ ការដោះដូរនេះ គឺដើម្បីរៀបចំ សោភ័ណ្ឌភាព ក៍ដូចជាអនាម័យ បរិស្ថានទាំងក្នុង និង ក្រៅ និង ជុំវិញ បរិវេណ នៃវិទ្យាល័យពោធិ៍សាត់ ក្នុងការត្រៀម ចូលរួមប្រគួតប្រជែង ទទួលយកពាន់ រង្វាន់ស្តង់ដារ សាលារៀនគំរូទូទាំង ប្រទេសនាពេលខាងមុខ ។

លោកអភិបាល ខេត្តក៍បានបន្ថែមថា ជាការពិតណាស់ បើនិយាយពីផ្លូវច្បាប់ គឺបងប្អូនយើងខុសច្បាប់បាត់ទៅហើយ ក៍ប៉ុន្តែក្នុងនាមអាជ្ញាធរខេត្ត លោកត្រូវចេញមុខដោះស្រាយ នូវបញ្ហាទាំងអស់នេះ ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើង ព្រោះថាវាគ្មានអ្វីចំណេញជាងការដោះស្រាយដោយសន្តិវិធីនោះឡើយ ។ហើយទាំងអាជ្ញាធរដែនដី ក៍ដូចជាមន្ត្រីរាជការ និង ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក៍ មានការសប្បាយ រីករាយជាខ្លាំង ដែលបងប្អូនប្រជាពលរដ្ឋ ទទួលយកការដោះស្រាយស្រប តាមគោលនយោបាយ”ឈ្នះ ឈ្នះ”ទាំងអស់គ្នា ។

ប្រជាពលរដ្ឋទាំង ១០ គ្រួសារ ពួកគាត់បានសម្តែង ការពេញចិត្ត និងត្រេកអរជាខ្លាំងក្រោយពួកគាត់ បានចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ និងត្រៀមរុះរើ ចូលមកសាងសង់ ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ដែលរដ្ឋបាល ខេត្តពោធិ៍សាត់ បាននិងកំពុងរៀបចំដោះដូរជូន៕

To Top