ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយ ពីជនជាតិឥណ្ឌា

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា (លុយរាប់) ក្នុងករណីនៅមានប្រជាពលរដ្ឋ មានការខ្ចីលុយពីជនជាតិឥណ្ឌាទៀត ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន។

ការអំពាវនាវរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។

លោក អភិបាលខេត្ត មានប្រសាសន៍ថា «ការខ្ចីរបស់ជនជាតិឥណ្ឌានេះ មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់ អនុញ្ញាតឡើយ ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យយើងសង ពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋ ណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ មកឯកឧត្តមផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូន កុំឱ្យមានការជំពាក់កាន់ តែច្រើនជាងនេះបន្ថែមទៀត» ។

នាឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើ ការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន ត្រូវពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែល បង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និង ពលករទៅក្រៅប្រទេស ឬក្នុងប្រទេសយ៉ាង អមនុស្សធម៌ រហូតក្លាយជាទាសភាព សម័យទំនើបគួរឱ្យស្អប់ខ្ពើម ៕

To Top