ហ្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានទទួលស្គាល់ជាលើកដំបូងថា អ៊ីស្រាអែល បានធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ក្រសួងការពារជាតិlok Katz ក៏បានចេញការព្រមានដល់កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន បន្ទាប់ពីពួកគេបានបើកការ វាយប្រហារដោយយន្តហោះដ្រូន មួយផ្សេងទៀតកាលពីថ្ងៃចន្ទ ដែលយោធាអ៊ីស្រាអែល បានឲ្យដឹងថា ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់ខ្លួន។
លោកបានលើកឡើងថា “យើងនឹងវាយលុកក្រុម Houthis វិញដោយកំណត់គោលដៅ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ របស់ពួកគេ និងសម្លាប់មេដឹកនាំរបស់ពួកគេ ដូចដែលយើងបានធ្វើចំពោះលោក Haniyeh,លោក Sinwar និងលោក Nasrallah នៅទីក្រុងតេអេរ៉ង់, តំបន់ហ្គាហ្សា និងលីបង់ដូចគ្នាដែរ” ។
លោក Haniyeh ត្រូវបានសម្លាប់ កាលពីថ្ងៃទី៣១ ខែកក្កដា នៅក្នុងការវាយប្រហារមួយ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ។ ទាំងក្រុមហាម៉ាស់ និងអ៊ីរ៉ង់ បានចោទអ៊ីស្រាអែលថា បានធ្វើឃាតរូបលោក ។ កន្លងមក យោធាអ៊ីស្រាអែល បានអះអាង ទទួលខុសត្រូវ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar នៅភាគខាងត្បូងតំបន់ហ្គាហ្សា និងមេដឹកនាំក្រុមហេសបូឡា លោក Nasrallah នៅជាយក្រុងដាហ៊ី ភាគខាងត្បូងនៃទីក្រុងបេរូត ៕
ប្រែសម្រួល ឈូក បូរ៉ា