ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពគ្នា ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗជាច្រើន ដែលនឹងនាំមកនូវផលប្រយោជន៍ ជាអតិបរមា ដល់វិស័យទេសចរណ៍កម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកម្មវិធី “Fostering Tourism Growth and Cultural Exchange between China and Cambodia” តំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី២០-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ នាពេលថ្មីនេះ បានឱ្យដឹងថា នាពេលព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជួបពិភាក្សាកម្រិតខ្ពស់ ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលអញ្ជើញមកពីគណៈមជ្ឈឹមបក្សរដ្ឋធានីប៉េកាំងផ្ទាល់ និងសហការីដែលជាថ្នាក់ដឹកនាំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ផ្នែកទីភ្នាក់ងារទេសចរណ៍ ទទួលបន្ទុកយុទ្ធសាស្ត្រ និងផែនការអាជីវកម្មសហគ្រាស ទីផ្សារតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ និងផ្នែកលក់រាយ China Duty Free Shop ដើម្បីស្វែងរកយុទ្ធសាស្រ្តគន្លឹះ និងស៊ីជម្រៅ ដែលជាការបើកទំព័រកិច្ចសហប្រតិបត្តិការថ្មី លើការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋ ពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញដ៏មានសក្តានុពល ដែលមានប្រជាពលរដ្ឋសរុបជាង ២៣លាននាក់ ។
តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងស៊ីជម្រៅ ភាគីទាំងពីរ បានឈានដល់ការឯកភាពគ្នា លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗជាច្រើន ដូចជាការរៀបចំបង្កើត ក្រុមការងារអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលកន្លងមក ការរៀបចំជំនួបផ្នូរផ្គង ពាណិជ្ជកម្ម, FAM Trip, ការនាំភ្ញៀវលំដាប់ VIP ជាលើកដំបូងតាម Chartered Flight ក្នុងឆ្នាំ២០២៥, ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៍រួមគ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន និងការជំរុយុញការផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងផ្សារ China Duty Free Shop ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានជួបសំណេះសំណាលជាមួយលោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបំពេញបេសកកម្មការទូត នៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង និងបានស្នើសុំស្ថានអគ្គគុងស៊ុលកម្ពុជា បន្តទាក់ទាញវិនិយោគិនចិន និងអន្តរជាតិមកវិនិយោគនៅកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កម្ពុជាដល់ប្រជាពលរដ្ឋហុងកុង និងអន្តរជាតិដែលកំពុងរស់នៅទីនោះ។ បន្ទាប់មក លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានបន្តចុះពិនិត្យផ្ទាល់ និងស្វែងយល់នៅមជ្ឈមណ្ឌលលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ដ៏ល្បី និងធំចំកណ្តាល ក្រុងហុងកុងប្រមាណជាង ១០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ CTG គឺក្រុមហ៊ុន China Travel Service (H.K.) Ltd. និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ឯកជនធំៗដទៃទៀត។
បន្ថែមលើនេះ ជំនួបពិភាក្សាកម្រិតខ្ពស់ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន CTG និងជំនួបផ្សេងៗ ពិតជាបាននាំមក នូវលទ្ធផលជាផ្លែផ្កា និងជាក់ស្តែងជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិថ្មី រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTG ត្រូវបានចាត់ទុកថាមានសារៈសំខាន់ និងទទួលការគាំទ្រជ្រោមជ្រែងពេញទំហឹង ពីសំណាក់រដ្ឋាភិបាលចិន ដោយផ្ទាល់។
សូមបញ្ជាក់ជូនថាក្រុមហ៊ុន CTG ជាសហគ្រាសរដ្ឋរបស់ចិនដ៏ធំ និងឈានមុខគេ បច្ចុប្បន្នមានអាយុកាល ១០១ឆ្នាំ មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង និងមានបុគ្គលិក ៤៣.០០០ នាក់ ព្រមទាំងមានបុត្រសម្ព័ន្ធ រហូតដល់ជាង ៦០០ ក្រុមហ៊ុន ដែលផ្តល់នូវសេវាកម្មចម្រុះ ចាប់ពីទីភ្នាក់ងារទេសចរណ៍, សណ្ឋាគារ, ការលក់រាយ ដ៏ល្បីដូចជា China Duty Free Shop, នាវាចរទេសចរណ៍, ការវិនិយោគ, អចលនទ្រព្យ និងធ្វើប្រតិបត្តិការ ទេសចរណ៍យ៉ាងទូលំទូលាយក្នុងប្រទេសចិន និងក្រៅប្រទេសមានជាង៣០ ដៃគូ សម្រាប់ទីផ្សារទេសចរអន្តរជាតិ ជាង៨០លាននាក់ក្នុងមួយឆ្នាំ។ ការជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTG តាមរយៈការដាក់ចេញនូវ ផែនការសកម្មភាពអនុវត្តជាក់ស្តែង យោងអនុស្សរណៈនៃការយោគយល់គ្នា នឹងជួយជំរុញការកៀរគរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ជាពិសេសកៀរគរវិនិយោគិន និងទាក់ទាញទេសចរចិនពី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតំបន់ជុំវិញ ដែលជាទីផ្សារដ៏មានសក្តានុពលមួយបន្ថែមទៀត៕