បរទេស ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេស កាហ្សាក់ស្ថាន នៅលើឆ្នេរសមុទ្រនៃសមុទ្រ Caspian , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលបានចេញផ្សាយវីដេអូនៃឧប្បត្តិហេតុនេះ ។ ចំនួនអ្នកស្លាប់នៅមិនទាន់ច្បាស់នៅឡើយ ដោយមន្ត្រីនៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញ ការធ្លាក់យន្តហោះនេះនៅឡើយទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមគេហទំព័រ Tengrinews.kz យន្តហោះអាកាសចរណ៍ Azerbaijan Airlines បានធ្វើដំណើរពីទីក្រុង Baku ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ី។ គេហទំព័រតាមដានជើងហោះហើរ Flightradar24 បានរាយបញ្ជីយន្តហោះនេះជា Embraer E190AR ដែលជាធម្មតាផ្ទុកអ្នកដំណើរចន្លោះពី ៩៦នាក់ ទៅ ១១៤ នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីយន្តហោះធ្លាក់នៅមុំស្រួច ហើយប៉ុន្មានវិនាទីក្រោយមកបានបុកដីបង្កជាអគ្គិភ័យ។ Tengrinews.kz បានផ្សាយថា យន្តហោះបានបញ្ជូនសញ្ញាអាសន្នមុនពេលធ្លាក់ចុះ។ គេហទំព័របានអះអាងថា មនុស្សមួយចំនួននៅលើយន្តហោះបានរួចជីវិត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ភ្នាក់ងារបាននិយាយថា អ្នកឆ្លើយតប ឬភ្នាក់ងារសង្គ្រោះដំបូងជាង ៥០ នាក់បានមកដល់កន្លែងកើតហេតុ។ ទីភ្នាក់ងារសារព័ត៌មាន Azerbaijani AZAL បានផ្សាយដោយដកស្រង់របាយការណ៍បឋមថា ការធ្លាក់យន្តហោះនេះគឺបណ្តាលមកពីការបុកជាមួយបក្សីនៅលើអាកាស៕
ប្រែសម្រួលៈ ណៃ តុលា