តូក្យូ ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមួយ ដើម្បីដាក់រោងចក្រឱ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋជាបណ្ដោះអាសន្ន នៅក្នុងព្រឹត្តិការណ៍នៃការប្រឈមមុខ ដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ នៃសម្ភារៈសំខាន់ៗដូចជា semiconductor និងអាគុយ ។
រដ្ឋាភិបាលជប៉ុន មានគោលបំណងចាប់ផ្តើម ប្រព័ន្ធនេះចាប់ពីដើមរដូវស្លឹក ឈើជ្រុះឆ្នាំក្រោយនេះតទៅ ដើម្បីការពារប្រទេសឱ្យបានកាន់តែល្អពីភាពអាសន្នដូចជាការផ្ទុះឡើងនៃជំងឺឆ្លង និងការរំខានក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសជប៉ុន ដែលខ្វះខាតធនធាន បាននឹងកំពុងព្យាយាមធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ របស់ខ្លួនមានភាពធន់ជាងមុន ដើម្បីធានាឱ្យមានស្ថិរភាពនូវលទ្ធកម្ម នៃផលិតផលដែលមានសារៈសំខាន់ ខាងសេដ្ឋកិច្ច រួមទាំងទំនិញចំនួន ១២ ដែលត្រូវបានកំណត់នៅក្រោមច្បាប់ លើកកម្ពស់សន្តិសុខសេដ្ឋកិច្ច។
ការវិនិយោគដើមទុន ផែនការស្តុកទុក និងការស្រាវជ្រាវសម្រាប់ផលិតផល ដែលបានកំណត់ រួមទាំងមេដែកអចិន្ត្រៃយ៍ និងឧស្ម័នធម្មជាតិ គឺជាកម្មវត្ថុនៃជំនួយហិរញ្ញវត្ថុដោយរដ្ឋាភិបាល។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ដែលចូលរួម ដោយអ្នកជំនាញសន្តិសុខសេដ្ឋកិច្ច រដ្ឋាភិបាលមិនបានឈាន ដល់ការសន្និដ្ឋានថា តើត្រូវបន្ថែមកន្លែងថែទាំវេជ្ជសាស្រ្ត ទៅក្នុងបញ្ជីសេវាកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ដែលតម្រូវឱ្យមានការត្រួតពិនិត្យពីរដ្ឋាភិបាល មុនពេលណែនាំដោយអ្នកផ្តល់សេវានោះទេ។
មានការអំពាវនាវ ឱ្យពង្រឹងការការពារមន្ទីរពេទ្យ និងប្រព័ន្ធថែទាំសុខភាពប្រឆាំង នឹងការវាយប្រហារតាមអ៊ីនធឺណិត ស្របតាមវឌ្ឍនភាពនៃការធ្វើឌីជីថលនៃសេវាវេជ្ជសាស្រ្ត។ រដ្ឋាភិបាលបានកំណត់វិស័យចំនួន ១៥ រួមមាន អគ្គិសនី ផ្លូវដែក អាកាសយានដ្ឋាន និងការផ្សព្វផ្សាយ ថាជាសេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា