ភ្នំពេញ ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រ ដ៏យូរលង់ណាស់មកហើយ ទំនាក់ទំនងកម្ពុជាចិន ត្រូវបានស្ថិតក្នុងក្រសែភ្នែកពិភពលោក ហើយគត់សម្គាល់ថា មានភាពរីកចម្រើនទ្វេដងលើគ្រប់វិស័យទាំងអស់ ដែលនេះឆ្លុះបញ្ចាំង កាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែប ភាពជាបងប្អូន នៃប្រទេសយើងទាំងពីរ ។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ពោលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៤នឹងត្រូវបញ្ចប់ ហើយបន្តចូលឆ្នាំថ្មីគឺឆ្នាំ២០២៥។ ពេញមួយឆ្នាំ២០២៤នេះ កម្ពុជាចិន បានកសាងចំណងមិត្ត ភាពមិនចាញ់ឆ្នាំមុនៗឡើយ ដោយបន្សល់ទុក នូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឱ្យកាន់តែមានភាព រីកលូតលាស់លើគ្រប់វិស័យទាំងអស់ ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន មានប្រសាសន៍ថាឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លា ដែលប្រជាជន នៃប្រទេសយើងទាំងពីរ បានទទួលអំណពេញ១ឆ្នាំ នូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុស នៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំង នូវភាពកាន់តែរឹងមាំខ្លាំងឡើង នៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតក នៃទំនាក់ទំនងជាប្រពៃណី រវាងប្រជាជាតិយើងទាំងពីរ ដែលមានអាយុលើស ពី២០០០ឆ្នាំ ថែមទៀតផង។ ប្រជាជនជាង១៥លាននាក់ របស់កម្ពុជា និងជាង១ពាន់៤ រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទ ដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នាសុទ្ធសឹងបានដក់ជាប់ នូវសកម្មភាព នៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ។ លោកបណ្ឌិតបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនេះ ផ្តល់នូវផលប្រយោជន៍៤យ៉ាងគឺ ៖
លោកបណ្ឌិតបញ្ជាក់ថា ៖ ទំនាក់ទំនងដ៏ល្អនេះ បានាំមកនូវផលប្រយោជន៍ «1- ពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងពហុភាគី និយមសម្រាប់ថែរក្សាយ៉ាងរឹងមាំ នូវសន្តិភាពសម្រាប់ប្រទេសទាំង ពីរ សម្រាប់រួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក ។ 2- ពង្រឹងចំណងទាក់ទងមេត្រីភាព កាន់តែរឹងមាំនៃទំនាក់ទំនង ដែកថែបកម្ពុជា-ចិន ដែលបានទទួលបន្តមរតកដោយថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ ជោគវាសនារួម កម្ពុជា និងចិន ក្នុងយុគសម័យថ្មី ដោយបន្ថែមបៃតងភាព ដល់ដើមឈើ នៃមិត្តភាពកម្ពុជា-ចិន ។ 3-ពន្លាតទំនាក់ទំនង ជាប្រពៃណី រវាងប្រជាជាតិ នៃប្រទេសយើងទាំងពីរ ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃវិនិយោគិន និងទេសចរ ដោយត្រៀមខ្លួន សម្រាប់ការទទួលអំណរឆ្នាំ២០២៥ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលជាមាសបៃតងសម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ស្របតាមគោលនយោបាយ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ស៊ីជាមួយគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិន។ 4- រួមគ្នាក្នុងការផ្ដល់ ផលប្រយោជន៍កាន់តែច្រើន កាន់តែធំ តាមគោលការណ៍ នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។»
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិតជា មុនីឫទ្ធិ បានកត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជានិង ចិន គឺជាទំនាក់ទំនងគំរូភាពដ៏ល្អប្រសើរ នៃទំនាក់ទំនង ដែលប្រសូតចេញពីទំនាក់ទំនង ដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះទាំងអស់គ្នា ៖
លោកបណ្ឌិតបញ្ជាក់ដូច្នេះថា ៖ « 1- ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំ ដែលជាការរំលេច ឱ្យឃើញនូវគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន។ 2- ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានបោះជំហាន យ៉ាងស្វាហាប់ក្នុងរង្វង់កិច្ចសហប្រតិបត្តិការសន្តិភាព និងឈ្នះ-ឈ្នះ ដើម្បីផ្តល់ប្រយោជន៍ កាន់តែធំដល់ការអភិវឌ្ឍសង្គមជាតិរៀងៗខ្លួន ដោយឈរយ៉ាងរឹងមាំនៃការតម្កល់ផលប្រយោជន៍ ជូនដល់ប្រជាជនជាអាទិភាព។ 3- ប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន បង្កើនសកម្មភាពបុរេសកម្មក្នុងការរឹតចំណង កាន់តែខ្លាំងក្លានៃមិត្តភាពរវាងប្រទេសយើងទាំងពីរ។ 4- ប្រជាជនយើងទាំងពីរប្រទេសបានរៀន សូត្រពីគ្នាទៅវិញទៅមកនូវគោលការណ៍និងមាគ៌ាអភិវឌ្ឍតាមបែបផែនរៀងៗខ្លួន ហើយជួយគ្នាទៅវិញទៅមក ប្រកៀកស្មាគ្នា កាន់ដៃគ្នាយ៉ាងណែនដើម្បីធ្វើដំណើររួមគ្នានៅលើវិថីល្បឿនលឿននៃការអភិវឌ្ឍ។»
លោកជា ធារិទ្ធ សាស្ត្រាចារ្យ នីតិទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបេក្ខជនបណ្ឌិតជំនាញ ទំនាក់ទំនងអន្តរជាតិ កំពុងសិក្សានៅប្រទេសចិនបានលើកឡើងថា ទំនាក់ទំនងកម្ពុជាចិននៅឆ្នាំ២០២៤នេះ បានឈានដល់កម្រិតកំពូល ដោយភាគីទាំងពីរខិតខំពូនជ្រុំ ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពលើគ្រប់វិស័យ។ សម្រាប់ឆ្នាំ២០២៤ គណៈប្រតិភូមកពីស្ថាប័ននីតិបញ្ញត្តិ និង នីតិប្រតិបត្តិនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ធ្វើឱ្យទំនាក់ទំនង នៃប្រទេសទាំងពីរ បានឈានដល់កម្រិតកំពូលលើគ្រប់វិស័យ ៖
លោកសាស្រ្តាចារ្យបញ្ជាក់បែបនេះថា ៖ «កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននោះមានច្រើនណាស់ទៅហើយ ប៉ុន្តែអ្វីដែលត្រូវធ្វើបន្តនោះ គឺធ្វើយ៉ាងណាអនុវត្តន៍ ឱ្យចេញជាលទ្ធផលល្អៗ បន្ថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ ។ អ៊ីចឹងនៅឆ្នាំ២០២៤នេះ ភាគីទាំងពីរបានខិតខំធ្វើរឿងនេះច្រើន ។ ហើយសង្ឃឹមថា នៅឆ្នាំ២០២៥ខាងមុខផ្លែផ្កា នៃទំនាក់ទំនងនេះនិងកើតឡើងច្រើនថែមទៀត ជាពិសេសវិនិយោគទុនចិនកាន់តែច្រើននឹងមកកម្ពុជា ។ ពាណិជ្ជកម្មក៏ដូចគ្នាដែរក៏សង្ឃឹមថានឹងកើនឡើងផងដែរសម្រាប់ប្រទេសទាំងពីរ។ »
សរុបសេចក្តីមកដូចបណ្ដាឆ្នាំមុនដែរ ក្នុងឆ្នាំ២០២៤នេះ ទំនាក់ទំនងកម្ពុជា-ចិនបានស្គាល់តែភាពផ្អែមល្ហែម និងរីកចម្រើនលើគ្រប់វិស័យ។ ហើយភាពរីកចម្រើននេះ នឹងបន្តកើតមានកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៥ និងទៅអនាគត ៕ លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន