ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ នៅចុងខែមករា ឆ្នាំ២០២៥ខាងមុខ នេះ ត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើជើង ឬWalk street តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ។
ផ្លូវថ្មើរជើង ឬWalkstreet តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រៈបរមរាជវាំង ជាគម្រោងមួយ បម្រេីដល់វិស័យទេសចរណ៍ ដែលមានទម្រង់ជាផ្លូវដែលមានការលក់ដូរ និងមណ្ឌលកម្សាន្តផ្សេង ៗ ជាដេីម។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet ) ដែលមានការចូលរួមតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ និងអគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថ ា គម្រោងផ្លូវថ្មើរជើង (Walkstreet ) មានយូរមកហើយ តែ ពោលតាំងពីឆ្នាំ២០១៩ តែត្រូវបានផ្អាកមួយរយៈវិញ ដោយសារវិបត្តិកូវីដ១៩ ខណៈរាជរដ្ឋាភិបាល បានណែនាំឱ្យខិតខំអនុវត្តសម្រេចឱ្យបាន នូវគម្រោងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ សំរួលការកកស្ទះចរាចរ ក៏ដូចលើកកំពស់សោភណ្ឌភាព រាជធានីភ្នំពេញផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បន្ទាប់ពីមានការណែនាំ របស់រាជរដ្ឋាភិបាល ពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូជំរុញការងារផ្លូវថ្មើរជើងនេះ ឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យចេញដំណើរសិន យ៉ាងយូរដាច់ខែមករា ដោយឡែកការងារផ្សេងៗទៀត ចាំដោះស្រាយបន្ត និងត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។
បន្ថែមលេីនេះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជក់ថា ដើម្បីឱ្យគម្រោងនេះ ដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើងនេះ ចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ,ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍ យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថាគម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ៕