ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដចាត់វិធានការម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ។ នេះជាការលើកឡើងរបស់ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌។
នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅទីស្តីការក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ជិន ម៉ាលីន បានថ្លែងឱ្យដឹងថា ការងារក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅប្រទេសកម្ពុជា គឺជាការងារមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់។
លោក រដ្ឋលេខាធិការ គូសបញ្ជាក់ថា «ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច តុលា និងអយ្យការ ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង»។
លោក រដ្ឋលេខាធិការ បន្ដថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។
សូមរំលឹកថា រយៈពេលជាង ៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ ៣,៣០០នាក់៕