ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ប្រសិនបើគ្មានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំងនយោបាយ កម្ពុជា-វៀតណាម ក៏មិនអាចរឹងមាំដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលសម្ដេច អនុញ្ញាតឱ្យលោកង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធផលដ៏ធំធេង លើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំ ដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។
លោក ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ពីការរីកចម្រើន នៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបើកទូលាយ ដែលបាននំាមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោក ង្វៀន ហ៊ុយតាំង បានបន្តជម្រាបជូន សម្តេចតេជោ ថាលោក មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុងរយៈពេល៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូត រហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរ ឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។
លោក ង្វៀន ហ៊ុយតាំង មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានលោក តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេស កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាមចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ។
សម្តេចតេជោ ពិតជាមានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរមានការកើនឡើង ដែលជាកត្តាសត្យានុម័ត។
សម្ដេចគូសបញ្ជាក់ថា «ប្រសិនបើគ្មានមានការគាំទ្រ ពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំងនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនង នយោបាយ»។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ គួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀត នូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក។
សម្តេចតេជោ បានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និង បានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ៕