ព័ត៌មានជាតិ

ជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ធ្នូ បានអនុញ្ញាតឱ្យលោក MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ខណៈលោក អភិបាលខេត្ត ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ក្នុងឱកាសនៃជំនួប លោកអភិបាលខេត្ត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការសម្រេចបាននូវការចុះអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ, លោកអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន, ឯកឧត្តមប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានអបអរសាទរ ចំពោះការសម្រេចបាននូវ ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបាន ចូលរួមចំណែកដល់ដំណើរការ នៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០, ការស្ដារ និងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុនទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុន ទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចបវរធិបតី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែង នាថ្ងៃអនាគត ៕

To Top