ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា បានបញ្ជាក់អះអាងសារជាថ្មីម្ដងទៀតថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។
ការបញ្ជាក់អះអាងសារជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ អនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំ ធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនង អាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មី របស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា សម្តេចបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បានជួបប្រាស្រ័យផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុងរដ្ឋបាលទី១របស់លោក។
សូមរំលឹកថា កម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកកាន់ចង្កូតនយោបាយ តែងតែបញ្ជាក់នូវជំហររបស់ខ្លួនយ៉ាងមុឺងម៉ាត់ថា មិនយកប្រទេសណាជាសត្រូវ ទោះបីមានការចោទប្រកាន់ថា បានលំអៀងទៅរកមហាអំណាចចិន ក៏ដោយ៕