អ.ស.ប៖ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងថា ការវាយលុករបស់អ៊ីស្រាអ៊ែល ទៅលើក្រុមសេវាថែទាំសុខភាព និងក្រុមសេវាសង្គ្រោះបន្ទាន់ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធម៌ និងការវាយប្រហារទៅលើជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា កំពុងបំផ្លាញដល់មធ្យោបាយនៃការរស់រានមានជីវិត ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (OCHA) បានចេញការព្រមាន បន្ទាប់ពីការប្រកាសដោយលោកបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ (WHO)ដែលបានថ្លែងថា បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអ៊ែល ទៅលើមន្ទីរពេទ្យ Kamal Adwan នៃតំបន់ហ្គាហ្សាភាគខាងជើង និងបានធ្វើការឃាត់ខ្លួននាយក Hussam Abu Safiya កាលពីថ្ងៃសុក្រ ហើយនៅកន្លែងនេះត្រូវបានបិទទ្វារ ។
លោក Tedros បានថ្លែងនៅលើបណ្តាញសង្គម X ថា អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឥណ្ឌូនេស៊ី ដែលមិនដំណើរការ និងទីតាំងរបស់វេជ្ជបណ្ឌិត Safiya មិនត្រូវបានគេស្គាល់នោះទេ ហើយលោកវេជ្ជបណ្ឌិត Tedros បានអំពាវនាវសុំឱ្យមានការដោះលែងលោក Safiya ជាបន្ទាន់ ។
លោក Tedros បានថ្លែងថា “ស្របពេលមានភាពចលាចលដែលកំពុងបន្តកើតមានឡើងនៅក្នុងតំបន់ ហ្គាហ្សា ភាគខាងជើង អង្គការ WHO និងដៃគូនៅថ្ងៃនេះ បានប្រគល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងអនាម័យជាមូលដ្ឋាន អាហារ និងទឹកដល់មន្ទីរពេទ្យឥណ្ឌូនេស៊ី ហើយបានផ្ទេរអ្នកជំងឺធ្ងន់ធ្ងរចំនួន១០នាក់ទៅកាន់មន្ទីរពេទ្យ Al-Shifa” ។ “អ្នកជំងឺចំនួន០៤នាក់ត្រូវបានឃុំខ្លួននៅក្នុងអំឡុងពេលផ្ទេរនោះដែរ ។ យើងជំរុញឱ្យអ៊ីស្រាអ៊ែល ធានានូវតម្រូវការ និងសិទ្ធិនៃការថែទាំសុខភាពរបស់ពួកគេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
