ព័ត៌មានជាតិ

World Rice Conference គាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) ហើយក៏ជាស្ថាបនិក World Rice Conference (WRC)​ បានបង្ហាញអំពីការគាំទ្រដល់កម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក​ សម្រាប់ឆ្នាំ២០២៥

ការបង្ហាញការគាំទ្ររបស់ស្ថាបនិក World Rice Conference (WRC)​ ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោក Jeremy Zwinger បានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស​ លើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។

ក្នុងនោះលោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក​ សម្រាប់ឆ្នាំ២០២៥ នេះផងដែរ។

ជាមួយគ្នានេះ​លោកប្រធានក្រុមហ៊ុន​ ក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយនឹងកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។

បន្ថែមលើនេះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។

សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមផងដែរ៕

To Top