ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ លោក បានបង្ហាញសុទិដ្ឋិនិយមថា «សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត»។ លោក ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។
សម្ដេចបវរធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
សម្ដេចបវរធិបតី បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតី និងលោករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាង វិស័យឯកជននៃប្រទេសទាំងពីរ៕