ព័ត៌មានអន្តរជាតិ

ថៃ៖ កំពុងមានការព្រួយបារម្ភ ជុំវិញករណីបាត់ខ្លួនជនជាតិចិន ២នាក់ នៅក្នុងប្រទេសថៃ

បរទេស៖ ប៉ូលិសកំពុងស៊ើបអង្កេតករណីជនជាតិចិនពីរនាក់ទៀតដែលបាត់ខ្លួនក្នុងប្រទេសថៃ , នេះបើយោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់។ ក្នុងករណីមួយ គឺតារាម៉ូដែលប្រុសម្នាក់ឈ្មោះ Yang Zeqi បានបាត់ខ្លួនកាលពីចុងខែធ្នូ ខណៈដែលការបាត់ខ្លួនរបស់នារីវ័យក្មេងឈ្មោះ Wu Jiaqi ត្រូវបានប៉ូលិសថៃយកមកយកចិត្តទុកដាក់ក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Thatchai Peetaneelabut អគ្គអធិការនៃការិយាល័យនគរបាលភូមិន្ទថៃ ទទួលបន្ទុកការជួញដូរមនុស្ស បាននិយាយថា ប៉ូលីសកំពុងពិនិត្យមើលករណីទាំងពីរនេះ។

លោក Yang Zeqi ត្រូវបានគេរាយការណ៍ថា បានទទួលសារ WeChat អញ្ជើញគាត់ឱ្យចូលរួមសវនកម្មភាពយន្ត ដោយជំរុញឱ្យគាត់ចាកចេញពីទីក្រុងប៉េកាំងតាមជើងហោះហើរថ្ងៃទី២០ ខែធ្នូ ទៅកាន់ទីក្រុងបាងកក ជាកន្លែងដែលគាត់បានធ្វើដំណើរតាមរថយន្តទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

លោក Yang Zeqi បានផ្ញើសារទៅមិត្តភ័ក្តិនៅថ្ងៃទី ២១ ខែធ្នូ ដោយនិយាយថា គាត់សោកស្តាយមុនពេលបាត់បង់ទំនាក់ទំនង។ ប្រាំថ្ងៃក្រោយមក គាត់បានទូរស័ព្ទទៅម្តាយរបស់គាត់ជាវីដេអូ ដោយប្រាប់ថា គាត់មានសុវត្ថិភាព មុនពេលការហៅទូរស័ព្ទនេះបញ្ចប់។ គ្រួសាររបស់គាត់បានកត់សម្គាល់ឃើញរបួសនៅជិតភ្នែករបស់គាត់ ដូច្នេះពួកគេបានជូនដំណឹងទៅប៉ូលីសចិន និងស្វែងរកជំនួយពីស្ថានទូតចិនប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ា។

ករណីបាត់ខ្លួនទី២ គឺពាក់ព័ន្ធនឹងស្រ្តីឈ្មោះ Wu អាយុ ២១ ឆ្នាំដែលឪពុករបស់គាត់បានដាក់ពាក្យបណ្តឹងទៅប៉ូលីសថៃកាលពីថ្ងៃពុធបន្ទាប់ពីគាត់បានបាត់ទំនាក់ទំនងជាមួយនាង។ Wu ដែលត្រូវបានគេឃើញធ្វើដំណើរជាមួយមិត្តភ័ក្តិ ដោយត្រូវបានគេនាំពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅកាន់សណ្ឋាគារមួយក្នុងសង្កាត់ Lat Krabang នៃទីក្រុងបាងកក មុនពេលត្រូវបានគេឃើញចុងក្រោយនៅពេលនាងត្រូវបានគេមកទទួលដោយរថយន្តនៅថ្ងៃបន្ទាប់។

ប្រភពពីប៉ូលីសបាននិយាយថា ករណីទាំងនេះត្រូវបានគេសង្ស័យថា ជាការងាររបស់បណ្តាញជួញដូរមនុស្ស និងស្រដៀងទៅនឹងការបាត់ខ្លួនរបស់តារាសម្ដែងចិន Xingxing កាលពីពេលថ្មីៗនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top