ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ជាឆ្នាំដែលមានសីតុណ្ហភាព កើនឡើងលើសពី ១,៥ អង្សាសេគិតក្នុងរយៈពេលពេញមួយឆ្នាំ

afp

ប្រ៊ុចស៊ែល៖ ថ្ងៃសុក្រនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយ ក្រុមសេវាកម្មដោះស្រាយការបំរ៉ែបំរួលអាកាសធាតុ ហៅកាត់ថា (C3S) របស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យសីតុណ្ហភាព របស់ភពផែនដីដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយសារមនុស្សសម័យទំនើប ។

លោក Carlo Buontempo នាយកដឹកនាំក្រុម C3S បានប្រាប់ដល់ទីភ្នាក់ងារ Reuters ដោយពណ៌នាអំពីរបៀបដែលរាល់ខែក្នុងឆ្នាំ២០២៤ គឺក្តៅបំផុត ឬក្តៅបំផុតទី២ សម្រាប់ខែនោះចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកត់ ។

សីតុណ្ហភាពគិតជាមធ្យមរបស់ភពផែនដីនៅក្នុងឆ្នាំ២០២៤ គឺ ១,៦អង្សាសេខ្ពស់ជាងឆ្នាំ១៨៥០ ដល់ ១៩០០ ដែលពេលនេះជា “សម័យមុនឧស្សាហកម្ម” មុនពេលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីល បញ្ចេញឧស្ម័នកាបូនិកក្នុងទ្រង់ទ្រាយធំ ។

កាលពីឆ្នាំមុន គឺជាឆ្នាំក្តៅបំផុតរបស់ពិភពលោកគិតចាប់តាំងពីកំណត់ត្រាដែលបានចាប់ផ្តើមកត់ត្រា រៀងរាល់ ១០ឆ្នាំមុន គឺស្ថិតក្នុងចំណោម ១០ឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ។

ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ពីការកើនលើស ១,៥អង្សាសេនៅឆ្នាំ២០២៤ ខណៈដែលការប៉ាន់ប្រមាណសីតុណ្ហភាពគិតជាមធ្យមទាបជាងបន្តិចគឺ ១,៥៣អង្សាសេសម្រាប់ឆ្នាំនោះ ។ អ្នកវិទ្យាសាស្ត្រអាមេរិក ក៏នឹងចេញផ្សាយនូវទិន្នន័យអាកាសធាតុឆ្នាំ២០២៤ របស់ពួកគេនៅថ្ងៃសុក្រនេះផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top