សេអ៊ូល៖ ការិយាល័យរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok នៅថ្ងៃសុក្រនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពការទូត ដើម្បីរក្សាភាពជឿជាក់របស់កូរ៉េខាងត្បូង នៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
លោក Choi បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយប្រេសិតថ្មីចំនួនពីររូប ដែលបានទទួលភារកិច្ចលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ និងកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិរៀងៗខ្លួន នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង។
លោកបានលើកឡើងថា “សកម្មភាពការទូតសេដ្ឋកិច្ចដែលមានគោលបំណងរក្សាភាពជឿជាក់ខាងក្រៅរបស់កូរ៉េខាងត្បូង គឺមានសារៈសំខាន់” ដោយលើកឡើងពីភាពមិនច្បាស់លាស់ ដែលកើនឡើងដែលកើតចេញពីស្ថានភាពនយោបាយក្នុងស្រុក និងរដ្ឋបាលលោក ដូណាល់ ត្រាំ អាណត្ដិទីពីរ។
លោក Choi Jong-ku ដែលជាអ្នកបច្ចេកទេសជើងចាស់ និងជាអតីតប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិរយៈពេលមួយឆ្នាំ។ លោក Choi Joong-kyung ដែលបានបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ច ក្នុងឆ្នាំ២០១១ នឹងបម្រើការជាឯកអគ្គរដ្ឋទូត សម្រាប់ការវិនិយោគអន្តរជាតិផងដែរ ក្រោមអាណត្តិមួយឆ្នាំផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា