យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងនៅតែមានកម្រិត ២,៨ ភាគរយក្នុងឆ្នាំ២០២៥ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទោះបីជាអតិផរណាធ្លាក់ចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការបន្ធូរបន្ថយរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថានឹងនៅតែទាបជាងល្បឿន ដែលបានឃើញមុនពេលជំងឺរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់។
របាយការណ៍បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩ ភាគរយនៅឆ្នាំ២០២៦។ របាយការណ៍នេះបានឲ្យដឹងថា អតិផរណាទាប និងការបន្ធូរបន្ថយរូបិយវត្ថុដែលកំពុងបន្តនៅក្នុងសេដ្ឋកិច្ចជាច្រើនអាចផ្តល់នូវ ការជំរុញតិចតួចដល់សកម្មភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥ ។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅតែលេចចេញជារូបរាងធំ ជាមួយនឹងហានិភ័យដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងការកើនឡើងថ្លៃដើមកម្ចីនៅក្នុងប្រទេសជាច្រើន។
បញ្ហាប្រឈមទាំងនេះមានលក្ខណៈស្រួចស្រាវជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសងាយរងគ្រោះ ដែលកំណើនអនុកម្រិត និងផុយស្រួយគំរាមកំហែងដល់ការធ្វើឱ្យខូចដល់វឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណើននៅសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងមានកម្រិតមធ្យមពី ២,៨ ភាគរយក្នុងឆ្នាំ ២០២៤ ដល់ ១,៩ ភាគរយក្នុងឆ្នាំ២០២៥ ដោយសារតែទីផ្សារការងារធ្លាក់ចុះ ហើយការចំណាយរបស់អ្នកប្រើប្រាស់មានការថយចុះ។
អឺរ៉ុបត្រូវបានគេរំពឹងថា នឹងងើបឡើងវិញតិចតួច ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី ០,៩ ភាគរយក្នុងឆ្នាំ២០២៤ ដល់ ១,៣ភាគរយក្នុងឆ្នាំ២០២៥ ដែលត្រូវបានគាំទ្រដោយការបន្ធូរបន្ថយអតិផរណា និងទីផ្សារការងារដែលធន់ទ្រាំ ទោះបីជាការរឹតបន្តឹងសារពើពន្ធ និងបញ្ហាប្រឈមរយៈពេលវែង ដូចជាកំណើនផលិតភាពខ្សោយ និង ប្រជាជនវ័យចំណាស់ បន្តជះឥទ្ធិពលលើទស្សនវិស័យសេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា