ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសឆាដ ក្នុងការរក្សាស្ថិរភាព និងសន្តិសុខ

afp

គែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆាដ ក្នុងការរក្សាស្ថិរភាព និងសន្តិសុខរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់គាត់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឆាដលោក Abderaman Koulamallah ដែលក្នុងនោះអ្នកទាំងពីរ បានពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការកសាងសមត្ថភាព។

លោក Abdelatty បានរំលឹកឡើងវិញនូវការថ្កោលទោសរបស់ប្រទេសអេហ្ស៊ីប ចំពោះការវាយប្រហារភេរវកម្មនៅជិតវិមានប្រធានាធិបតីនៅរដ្ឋធានីឆាដ។ កាលពីថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធនៃក្រុមប្រដាប់អាវុធ Boko Haram បានធ្វើការវាយប្រហារនៅជិតវិមានប្រធានាធិបតី ប៉ុន្តែត្រូវបានវាយបកដោយកងទ័ពឆាដ។

លោក Koulamallah បានលើកឡើងថា ស្ថានភាពសន្តិសុខក្នុងប្រទេសស្ថិតក្រោមការគ្រប់គ្រង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទាំងពីរក៏បានដោះស្រាយបញ្ហាក្នុងតំបន់មួយចំនួន រួមទាំងលក្ខខណ្ឌនៅក្នុងប្រទេសស៊ូដង់ និងមធ្យោបាយនៃការជំរុញសន្តិសុខនៅក្នុងតំបន់ Sahel និង Sahara ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top