ព័ត៌មានអន្តរជាតិ

បន្ទុះភ្នំភ្លើង Merapi នៅឥណ្ឌូនេស៊ី បានបញ្ចេញកម្អែរចំហាយក្តៅដល់ទៅជាង ១.៩០០ម៉ែត្រ និងផ្ទុះចំនួន ៥ដង

afp

ហ្សាការតា៖ នៅថ្ងៃសុក្រនេះ ភ្នំភ្លើង Merapi មានទីតាំងនៅជិតទីក្រុង Yogyakarta ដែលជារដ្ឋធានីនៃតំបន់ពិសេសនៃខេត្ត Yogyakarta ក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញកម្អែភ្នំភ្លើង ហើយភ្នំភ្លើងនេះបានផ្ទុះឡើងដល់ទៅ៥ដង ដោយមានកម្អែភាយឡើងដល់ទៅកម្ពស់ ១.៩០០ម៉ែត្រ ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ ភូមិសាស្ត្រ និងបន្ទុះភ្នំភ្លើង បានឱ្យដឹងថា គ្រោះថ្នាក់ដែលអាចកើតមាន រួមមានពពកក្តៅ និងលំហូរកម្អែភ្នំភ្លើង ។ សម្រាប់តំបន់ដែលនៅភាគខាងត្បូង និងភាគនិរតីនៃរណ្ដៅភ្នំភ្លើង ការគំរាមកំហែងទាំងនេះអាចលាតសន្ធឹងដល់ទៅ ៧គីឡូម៉ែត្រ ខណៈនៅតំបន់ភាគអាគ្នេយ៍នៃភ្នំភ្លើងនេះ តំបន់គ្រោះថ្នាក់ឈានដល់៣គីឡូម៉ែត្រ ។

ទិន្នន័យតាមដានបង្ហាញឲ្យដឹងថា ភ្នំភ្លើង Merapi បន្តបង្កើតការផ្ទុះឡើង ដែលបង្កហានិភ័យនៃការបំភាយពពកក្តៅនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ។

ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យជៀសវាងសកម្មភាពនៅក្នុងតំបន់គ្រោះថ្នាក់ និងរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ដែលអាចកើតមាន និងដុំពពកក្តៅកំឡុងពេលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top