ស្វាយរៀង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ការលេីកឡេីងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជេីញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដោយមានការអញ្ជើញចូលរួមពី លោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្រ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងសូមលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា។
សូមជម្រាបជូនដែរថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។
ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។
សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕