ព័ត៌មានអន្តរជាតិ

ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួនពីរនៅភាគខាងកើត និងខាងលិចនៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់

Xinhua

បរទេស៖ ទីបំផុតក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិក បានចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗចំនួនពីរនៅភាគខាងកើត និងខាងលិចនៃទីក្រុង Los Angeles កាលពីថ្ងៃសុក្រ ខណៈដែលខ្យល់បក់បោកខ្លាំងដែលបានធ្វើឱ្យភ្លើងឆេះអស់ជាច្រើនថ្ងៃបានធូរស្រាល។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃចំនួន៦ក្នុងពេលដំណាលគ្នាបានបំផ្លិចបំផ្លាញសង្កាត់ Los Angeles County ចាប់តាំងពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងខូចខាត ឬបំផ្លាញរចនាសម្ព័ន្ធចំនួន ១០.០០០ ។ ចំនួនសរុបទាំងនោះត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលវាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់អ្នកពន្លត់អគ្គីភ័យដើម្បីធ្វើការស្រាវជ្រាវពីផ្ទះមួយទៅផ្ទះមួយ។

ជាមួយនឹងមនុស្សរាប់ពាន់នាក់ ដែលភ្លាមៗគ្មានផ្ទះសម្បែង និងផ្សែងហុយឡើងខ្លាំង ដែលនាំឱ្យមន្ត្រីសហរដ្ឋអាមេរិកប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ក្រុមអ្នកពន្លត់អគ្គីភ័យបានរាយការណ៍ពីវឌ្ឍនភាពនៃការបញ្ឈប់ភ្លើងឆេះព្រៃ Palisades Fire នៅភាគខាងលិចនៃទីក្រុង និងភ្លើង Eaton Fire នៅតំបន់ជើងភ្នំភាគខាងកើតនៃទីក្រុងដ៏ធំទូលាយ។

បន្ទាប់ពីការឆេះអស់ជាច្រើនថ្ងៃ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គីភ័យរាប់រយនាក់ បានបាញ់ពន្លត់អណ្តាតភ្លើងពីលើអាកាស និងនៅលើដីក៏ដោយ ក៏ភ្លើង Palisades មាន ៨ភាគរយ និងភ្លើងឆេះនៅ Eaton Fire ៣ភាគរយ។ Cal Fire បានរាយបញ្ជីកម្រិតទប់ស្កាត់នៃអគ្គីភ័យទាំងពីរនៅ សូន្យភាគរយ រហូតដល់ថ្ងៃសុក្រ។

លោក Robert Luna បាននិយាយថា មនុស្សប្រហែល ១៥៣.០០០នាក់នៅតែស្ថិតក្រោមការបញ្ជាជម្លៀស ហើយប្រជាជន ១៦៦.៨០០ នាក់ផ្សេងទៀតបានប្រឈមមុខនឹងការព្រមានអំពីការជម្លៀស ដោយមានបម្រាមគោចរនៅនឹងកន្លែងសម្រាប់តំបន់ជម្លៀសទាំងអស់។

រដ្ឋជិតខាងចំនួនប្រាំពីរ រដ្ឋាភិបាលសហព័ន្ធ និងកាណាដា បានប្រញាប់ប្រញាល់ផ្តល់ជំនួយដល់រដ្ឋកាលីហ្វ័រញ៉ា ដោយជំរុញក្រុមពីលើអាកាសដែលកំពុងទម្លាក់ទឹក និងឧបករណ៍ការពារភ្លើង និងក្រុមនាវិកនៅលើដីដែលបាញ់ពន្លត់ភ្លើងដោយប្រើឧបករណ៍កាន់នឹងដៃ និងទុយោ៕

ប្រែសម្រួលៈ ណៃ តុលា

To Top