បរទេស៖ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាក លោក Vladimir Barbin ដកស្រង់សម្តីដោយ RIA Novosti បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland សម្រាប់មូលដ្ឋានយន្តហោះចម្បាំងដែលមានសក្តានុពលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ជាថ្មីម្តងទៀតបានបង្ហាញពីបំណងចង់ទិញកោះ Arctic ដែលគ្រប់គ្រងដោយខ្លួនឯងពីប្រទេសដាណឺម៉ាក ដោយមិនបដិសេធការប្រើប្រាស់វិធានការសេដ្ឋកិច្ច ឬសកម្មភាពយោធានោះដែរ ដើម្បីសម្រេចគោលបំណងនេះ។
លោក Barbin បានកត់សម្គាល់ថា មូលដ្ឋានអវកាស Pituffik របស់សហរដ្ឋអាមេរិក ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះនោះ បច្ចុប្បន្នជាផ្នែកមួយនៃការព្រមានជាមុនរបស់ប្រទេសសម្រាប់ការវាយប្រហារនុយក្លេអ៊ែរពីតំបន់អាក់ទិក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាករូបនេះថា “ទំនើបកម្មដ៏ទូលំទូលាយមួយកំពុងដំណើរការ រួមទាំងប្រព័ន្ធរ៉ាដាដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានក៏កំពុងត្រូវបានអភិវឌ្ឍសម្រាប់យន្តហោះចម្បាំង F-35 ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ” ដោយលោកបន្ថែមថា មូលដ្ឋានដែលពីមុនត្រូវបានគេហៅថា Thule Air Base ត្រូវបានប្រើប្រាស់រួចហើយដោយយន្តហោះចម្បាំងក្នុងអំឡុងពេលសមយុទ្ធទ័ពអាកាសអាមេរិក។
លោក Barbin បាននិយាយទៀតថា រុស្ស៊ីប្តេជ្ញាពង្រឹងស្ថិរភាពនៅក្នុងតំបន់អាកទិក ប៉ុន្តែថានេះអាចធ្វើទៅបានតាមរយៈការបង្កើតប្រព័ន្ធសន្តិសុខដែលស្មើភាពគ្នាសម្រាប់រដ្ឋអាកទិកទាំងអស់៕
ប្រែសម្រួលៈ ណៃ តុលា