ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដល់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋាន ទទួលបន្ទុករបាយការណ៍ របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភា ពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។
អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច មានដូចខាងក្រោម ៖
ទី១. បន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយនូវផែនការយុទ្ធសាស្ដ្រ និងសមិទ្ធផលនានារបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ។
ទី២. ថ្នាក់ដឹកនាំ ដែលចុះតាមដាន ពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការ ការងារនៅតាមមន្ទីរនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ នៅតម្រង់ទិសលើភាព ជាអ្នកដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការងាររបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធានាប្រសិទភាពការងារ និងសុខដុមនីយកម្ម ។
ទី៣. រាល់ពេលចុះទៅដឹកនាំប្រជុំ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងារប្រចាំត្រីមាសនីមួយៗ សូមយកចិត្តទុកដាក់លើការអនុវត្ត កម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ជាពិសេសការងារអភិវឌ្ឍន៍ភូមិគំរូគន្លឹះ នៅតាមខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍភូមិគំរូនេះ ទទួលបានលទ្ធផលល្អ។
ទី៤. ពិនិត្យលើលទ្ធភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទ និងព្យាយាមជួយឱ្យមន្ទីរលើកកម្ពស់កិច្ចសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងកៀរគរអង្គការមិនមែនរដ្ឋាភិបាលឱ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ជនបទនៅតាមខេត្តនីមួយៗឱ្យបានច្រើន និងសកម្មបន្ថែមទៀត។
ទី៥. ជំរុញមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យយកចិត្តទុកដាក់ និងសហការលើការអនុវត្តគម្រោងនានាឱ្យមាន គុណភាព និងប្រសិទ្ធភាពខ្ពស់។
ទី៦. បន្តចុះត្រួតពិនិត្យ និងជំរុញការងារមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យសម្រេចបានតាមផែនការប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ទី៧. ថ្នាក់ដឹកនាំ ចុះតាមមន្ទីរទាំងអស់ត្រូវរៀបចំរបាយការណ៍ប្រជុំ តាមដាន និង វាយតម្លៃការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងធ្វើ ការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ និងលើកជាមតិយោបល់ដើម្បីធ្វើការគាំទ្រចំនុចខ្លាំង និងកែលម្អចំណុចខ្សោយ ព្រមទាំងរួមគ្នាខិតខំលើកម្ពស់សមត្ថភាពមន្ត្រីរាជការនៅតាមមន្ទីរឱ្យបានល្អ ជាបន្តបន្ទាប់ និងទៅអនាគត។
លោកមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់អនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងពង្រឹងសមត្ថភាព របស់ស្ថាប័ន ដើម្បីបន្ដអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមសម្រេចឱ្យបានជោគជ័យ ចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំអនុវត្តនូវចក្ខុវិស័យ “កសាងតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” តាមរយៈយុទ្ធសាស្ដ្រ ចំនួន ៥ គឺ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣.ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.លើកកម្ពស់ការធ្វើពិពិធកម្ម សេដ្ឋកិច្ចជនបទ, និង ៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ៕