ព័ត៌មានអន្តរជាតិ

ប៉ូលីសរុស្ស៊ី ចាប់ខ្លួនជនសង្ស័យពីរនាក់ទៀត ដែលបានចូលរួមធ្វើឃាតឧត្តមសេនីយ Igor Kirillov កាលពីចុងឆ្នាំ២០២៤

RT News
" "

បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានប្រកាសថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យពីរនាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការធ្វើឃាតលោកឧត្តមសេនីយឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kirillov និងជំនួយការគឺឧត្តមសេនីយ៍ Ilya Polikarpov ត្រូវបានសម្លាប់នៅពាក់កណ្តាលខែធ្នូ ដោយឧបករណ៍បំផ្ទុះដែលបង្កើតឡើង នៅខាងក្រៅអគារផ្ទះល្វែងនៅទីក្រុងមូស្គូ។ ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកនេះត្រូវបានភ្ជាប់ទៅនឹង ម៉ូតូអេឡិចត្រិចនៅជិតច្រកចូលអគារ ហើយបានបំផ្ទុះពីចម្ងាយ។ អាជ្ញាធរ​រុស្ស៊ី​បាន​ចាត់​ទុក​ការ​ធ្វើ​ឃាត​នេះ​ថា​ជា “ការ​វាយ​ប្រហារ​ភេរវកម្ម” ដែល​រៀបចំ​ដោយ​ចារកម្ម​អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ទីក្រុងគៀវ បានបដិសេធការចោទប្រកាន់នេះ។

" "

ភ្លាមៗបន្ទាប់ពីការបំផ្ទុះនេះ បុរសជនជាតិអូបេគីស្ថានអាយុ ២៩ ឆ្នាំ ឈ្មោះ Akhmad Kurbanov ត្រូវបានឃុំខ្លួននៅក្នុងតំបន់ Moscow សម្រាប់តួនាទីដែលត្រូវបានចោទប្រកាន់ថា ជាអ្នកបង្កហេតុដែលត្រូវបានជ្រើសរើសដោយអ៊ុយក្រែន។

" "

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ជនសង្ស័យថ្មីពីររូបដែលត្រូវបានកំណត់អត្តសញ្ញាណថាជា Batukhan Tochiyev និង Ramazan Padiyev ត្រូវបានឃុំខ្លួនដោយមិនបានបញ្ជាក់លម្អិត អំពីកន្លែងដែលការចាប់ខ្លួនបានកើតឡើង។

គណៈកម្មាធិការបាននិយាយថា ជនសង្ស័យឈ្មោះ Tochiyev និង Padiyev មានភារកិច្ចផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូនដល់ Kurbanov ដោយបន្ថែមថាអ្នកទាំងពីរបានជួលបន្ទប់មួយ សម្រាប់គាត់នៅឯផ្ទះសំណាក់ ក្នុងតំបន់មូស្គូដែលមានន័យថា ជាជម្រកសុវត្ថិភាពបន្ទាប់ពីការធ្វើឃាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top