បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទដោយនិយាយថា ទីភ្នាក់ងារសុខភាពពិភពលោក បានគ្រប់គ្រងខុសលើជំងឺរាតត្បាត COVID-19 និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត ដូច្នេះសហរដ្ឋអាមេរិកនឹងចាកចេញពី អង្គការសុខភាពពិភពលោកនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Trump ថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពី “ឥទ្ធិពលនយោបាយមិនសមរម្យ នៃរដ្ឋជាសមាជិករបស់ WHO” ហើយទាមទារ “ការបង់ប្រាក់ដែលមិនសមហេតុផល” ពីសហរដ្ឋអាមេរិក ដែលមិនសមាមាត្រទៅនឹងផលប្រយោជន៍រួម ដែលផ្តល់ដោយប្រទេសធំៗផ្សេងទៀត ដូចជាប្រទេសចិនជាដើម។
លោក Trump បាននិយាយនៅឯការចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិស្តីពីការដកខ្លួននេះថា “សុខភាពពិភពលោកបានបំផ្លាញពួកយើង មនុស្សគ្រប់គ្នាបានបោកប្រាស់សហរដ្ឋអាមេរិក។ វានឹងលែងកើតឡើងទៀតហើយ” ។
WHO មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ការប្រកាសដកខ្លួននេះមានន័យថា សហរដ្ឋអាមេរិកនឹងចាកចេញពី ទីភ្នាក់ងារសុខភាពរបស់ អង្គការសហប្រជាជាតិក្នុងរយៈពេល ១២ខែ ហើយបញ្ឈប់ការរួមចំណែកផ្នែកហិរញ្ញវត្ថុ ទាំងអស់ចំពោះការងាររបស់ខ្លួន។ រហូតមកដល់ពេលនេះសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨ភាគរយនៃមូលនិធិសរុបរបស់ខ្លួន។ ថវិការយៈពេលពីរឆ្នាំចុងក្រោយបំផុតរបស់ WHO សម្រាប់ឆ្នាំ 2024-2025 មានចំនួន ៦,៨ ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា