បរទេស ៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រកាស កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹកជញ្ជូន ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់រយនាក់ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ បន្ទាប់ពីរលក នៃការចាប់ខ្លួនទូទាំងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Leavitt បានសរសេរនៅលើ X ថា “ជើងហោះហើរ ការនិរទេស បានចាប់ផ្តើមហើយ ” ដោយបន្ថែមថា “ប្រធានាធិបតី [Donald] Trump កំពុងផ្ញើសារដ៏រឹងមាំ និងច្បាស់លាស់ទៅកាន់ពិភពលោក ទាំងមូលថា ប្រសិនបើអ្នកចូលសហរដ្ឋអាមេរិក ដោយខុសច្បាប់ អ្នកនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ”។
លោកស្រី Leavitt បានបង្ហោះរូបថតចំនួនពីរដែលបង្ហាញពីក្រុមបុរសដែលត្រូវបានដឹកនាំឡើងលើយន្តហោះដឹកជញ្ជូនយោធា។ យោងតាមសារព័ត៌មាន Fox News រូបថតមួយសន្លឹកត្រូវបានថតនៅអាកាសយានដ្ឋាន Biggs Army Airfield នៅ Fort Bliss ក្នុងទីក្រុង El Paso រដ្ឋតិចសាស់។ ប្រភពនៃបណ្តាញនេះបាននិយាយថា យន្តហោះដែលថតបានបាននាំមនុស្ស ៨០ នាក់ទៅកាន់ប្រទេស ហ្គាតេម៉ាឡា។
យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានបើកការវាយឆ្មក់ ជាបន្តបន្ទាប់នៅទូទាំង សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដោយបានចាប់ខ្លួនមនុស្សជាង ៥០០ នាក់ និងឃុំខ្លួន ៣៧៣ នាក់កាលពីថ្ងៃព្រហស្បតិ៍តែម្នាក់ឯង ។
ICE បាននិយាយថាទីក្រុង ដែលពួកគេកំណត់គោលដៅរួមមាន នៅ បូស្តុន ញូវយ៉ក ញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ហើយភ្នាក់ងារបានផ្តោត លើការចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្តបន្ទាប់ បន្ទាប់ពីចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា