ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិចស៊ីកូ ៖ ការដាក់ស្លាកអង្គការ ឧក្រិដ្ឋកម្ម របស់លោក ត្រាំ ជាភេរវករ មិនបានជួយអ្វីទាំងអស់

xinhua

ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា ការដាក់ស្លាកអង្គការឧក្រិដ្ឋកម្មរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាក្រុមភេរវករ “មិនបានជួយអ្វីទាំងអស់” ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ។

លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា សារៈសំខាន់នៃការប្រយុទ្ធប្រឆាំង នឹងអង្គការឧក្រិដ្ឋកម្ម គឺការពង្រឹងសកម្មភាព និងផ្តល់អាទិភាពដល់កិច្ចសហការ និងការគោរពរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក ។

ដោយកត់សម្គាល់ថា រដ្ឋាភិបាលម៉ិកស៊ិកមិនចង់ឱ្យ fentanyl ទៅដល់សហរដ្ឋអាមេរិក ឬគ្រប់ទីកន្លែងនោះទេ ដោយលោកស្រី Sheinbaum បានលើកឡើងថា “យើងកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជន ទាំងនេះហើយអ្វីដែលយើងចង់បានគឺការសហការ និងការសម្របសម្រួល ហើយការសម្រេចចិត្តឯកតោភាគីមិនជួយអ្វីទេ” ។

នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យខ្លួនមានសិទ្ធិអំណាចក្នុងការកំណត់បញ្ជី នៃអង្គការភេរវករបរទេស ហើយកាល​ពី​ថ្ងៃ​ចន្ទ លោក ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ ​ឆ្ពោះ​ទៅ​រក​ការ​កំណត់​ក្រុម​ជួញដូរ​គ្រឿងញៀន ​ជា​អង្គការ​ភេរវជន​បរទេស។

លោកស្រី Sheinbaum បានលើកឡើងថារដ្ឋាភិបាលម៉ិកស៊ិក កំពុងធ្វើការវិភាគផ្នែកច្បាប់ដើម្បីវាយតម្លៃផលប៉ះពាល់ ដែលអាចកើតមាន នៃបទបញ្ជាប្រតិបត្តិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top