ម៉ិកស៊ិក ៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា មិនមានសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីសុន្ទរកថា ផ្សះផ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីពាណិជ្ជកម្មជាមួយម៉ិកស៊ិក កាលពីមួយថ្ងៃមុន។
លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា “ខ្ញុំមិនឃើញមានសង្រ្គាមពាណិជ្ជកម្មនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយខុសពីម៉ិកស៊ិក កាលពីម្សិលមិញ” ។
ឆ្លើយតបទៅនឹងសំណួរនៅឯវេទិកា សេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានលើកឡើងថា “យើងកំពុងដោះស្រាយជាមួយម៉ិកស៊ិក ខ្ញុំគិតថាល្អណាស់។ យើងគ្រាន់តែចង់ ទទួលបានការគោរពដោយយុត្តិធម៌ប៉ុណ្ណោះ”។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ២៥ភាគរយលើការនាំចូលម៉ិកស៊ិក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Sheinbaum ក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងវ៉ាស៊ីនតោន និងធ្វើការជាមួយលោក ត្រាំ លើបញ្ហាអាទិភាពមួយចំនួន ដូចជាការចែកចាយសារធាតុ fentanyl និងការធ្វើចំណាក ស្រុកជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា