នយោបាយ

ក្រសួងមហាផ្ទៃ ទទួលយកសំណើ NGOs និងឲ្យពិភាក្សាគ្នា កែចំណុចណា នៃច្បាប់សមាគម

ភ្នំពេញ ៖ ក្រោយពីច្បាប់ស្ដីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល កំពុងតែចំរូងចំរាស់ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើឲ្យអង្គការសង្គមស៊ីវិល (NGOs) ជួបជុំគ្នា រួចធ្វើខ្លឹមសាររួមមួយ អំពីកែតម្រូវច្បាប់នេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងពិចារណាឡើងវិញ ។

ច្បាប់ស្តីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ។ ច្បាប់មានគោលបំណង ធានាការពារសិទ្ធិ សេរីភាព ក្នុងការបង្កើត សមាគម និងអង្គការមែនរដ្ឋាភិបាល នៅកម្ពុជា ដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយ អាជ្ញាធរសាធារណៈ ។

ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍ របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ុន ហ៊ុន ស្នើឲ្យអង្គការសង្គមស៊ីវិលជួបជុំគ្នា ដើម្បីពិចារណាផ្ទៃរបស់អង្គការ ស្វែងរកខ្លឹមសាររួម ព្រោះក្រសួងមហាផ្ទៃ នឹងជួបអង្គការសង្គមស៊ីវិលម្តង មុននឹងយកសំណើរពួកគេដាក់ជូនរាជរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា “ខ្ញុំស្នើសុំ នៅក្នុងអង្គរប្រជុំ គឺឲ្យអង្គការសង្គមស៊ីវិលទាំង ៥០០០អង្គការ ដែលបានចុះបញ្ជី នៅក្រសួងមហាផ្ទៃនេះ ឲ្យគាត់ធ្វើការជុំគ្នា រួមគ្នា រកនៅខ្លឹមសាររួមមួយថា គាត់ចង់កែអីខ្លះ? ហើយខ្លឹមសារដែលកែនៅមាត្រានីមួយៗ គាត់ចង់កែរបៀបម៉េច? យើងនឹងជួបពិភាក្សាគ្នាបន្ដទៀត ដើម្បីឲ្យដឹងថា មានសំណើរកែរបៀបម៉េចខ្លះ?” ។

ខណៈច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កំពុងមានភាពចំរូងចំរាស់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បកស្រាយថា ធម្មតាទេក្នុងច្បាប់នីមួយៗគឺវិវត្តន៍តាមស្ថានភាពសង្គម ហើយច្បាប់នេះ បានអនុវត្តន៍ជាង៤ឆ្នាំ ដូច្នេះមិនមានបញ្ហាអ្វីធំដុំឡើយ។

លោកលើកឡើងទៀតថា សព្វថ្ងៃរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ពិនិត្យពិចារណាគ្រប់សំណើរបស់អង្គការ ដោយសាររាជរដ្ឋាភិបាល ចាត់ទុកអង្គការជាដៃគូយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍សង្គម។

សូមរំលឹកថា មកទល់ពេលនេះ មានអង្គការសង្គមស៊ីវិល ជាង៥០០០អង្គការ (មិនទាន់គិតអង្គការ នៅក្រៅប្រទេស) បានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ ។ ក្នុង១ខែ ជាមធ្យមមានអង្គការជាង២០បានស្នើសុំ និងចុះបញ្ជី ៕ ដោយ អេង ប៊ូឆេង

To Top