មណ្ឌលគិរី ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ធ្វើផែនការគ្រប់គ្រងតម្រាយផ្លូវ និងប៉ាណូផ្សាយពាណិជ្ចកម្ម ជាពិសេសគួរត្រូវមានការគិតគូ និងកំណត់ទីតាំងហាមឃាត់សម្រាប់ប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខភាពសាធារណៈ។
ការលើកឡើងលោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអរគុណចំពោះអភិបាលរាជធានីខេត្តមួយចំនួន ដែលមានឆន្ទៈខ្ពស់ក្នុងការសម្អាតប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ លើសពីនេះ លោក បានចាត់ទុកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម គឺជាចំណូលក្ដៅក្រហាយ មិនគួរយកមកឱបដាក់ខ្លួននោះទេ។
ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំរដ្ឋបាលរាជធានី-ខេត្ត សិក្សាកំណត់ទីតាំងហាមការផ្សព្វផ្សាយគ្រឿងស្រវឹង ជាពិសេសគ្រឿងកំប៉ុងមានជាតិផ្អែម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ពាក់ព័ន្ធទៅការផ្សាយពាណិជ្ជកម្ម នេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវមានការប្ដេជ្ញាចិត្តមួយ ក្នុងការពិភាក្សាជាមួយក្រុមហ៊ុននានា ដើម្បីកាត់បន្ថយប៉ាណូផ្សាយពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «ការផ្សព្វផ្សាយពាណិជ្ជកម្ម ជាសិទ្ធិរបស់ខេត្តទេ អាហ្នឹងទាល់តែយើងមានការប្ដេជ្ញាចិត្តមួយ ថ្វីត្បិតតែយើង បានបាត់បង់នូវចំណូលតិចតួច ប៉ុន្តែខ្ញុំជឿជាក់ថា ចំណូលក្ដៅក្រហាយ មិនគួរយកមកឱបដាក់ខ្លួនទេ ហើយបំផ្លាញជាតិ»៕