តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសពីវិធានការ ប្រឆាំងនឹងគណៈកម្មាធិការរបស់អង្គការ សហប្រជាជាតិ ស្តីពីការរើសអើងប្រឆាំង នឹងស្ត្រី ដែលបានអំពាវនាវឱ្យពិនិត្យឡើងវិញ នូវច្បាប់ស្នងរាជ្យបន្ត ពីបុរសរបស់ប្រទេសជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Toshihiro Kitamura បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងធានាថា ការរួមចំណែក ស្ម័គ្រចិត្តរបស់ប្រទេសជប៉ុន ចំពោះការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សមិនត្រូវបានប្រើប្រាស់ ដើម្បីផ្តល់មូលនិធិដល់ សកម្មភាព របស់គណៈកម្មាធិការលុបបំបាត់ ការរើសអើងប្រឆាំងនឹងស្ត្រីនោះទេ។
លោក Kitamura បានលើកឡើងថា វាក៏នឹងផ្អាករហូតដល់ដំណាច់ឆ្នាំ សារពើពន្ធបច្ចុប្បន្នរហូតដល់ខែមីនា កម្មវិធីដើម្បីអញ្ជើញសមាជិកគណៈកម្មាធិការទៅកាន់ប្រទេសជប៉ុន ដើម្បីជួយពួកគេឱ្យយល់អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនេះ ដោយបន្ថែមថា រដ្ឋាភិបាលបានជូនដំណឹង ដល់អង្គការសហប្រជាជាតិ អំពីជំហានសងសឹករបស់ខ្លួន ។
នៅក្នុងខែតុលា គណៈកម្មាធិការ ដែលរួមមាន អ្នកជំនាញលើបញ្ហាស្ត្រីមកពីជុំវិញពិភពលោក បានបញ្ចប់ក្នុងរបាយ ការណ៍មួយថា ច្បាប់ស្នងតំណែងដែលមានចែងក្នុងច្បាប់អធិរាជឆ្នាំ១៩៤៧ ត្រូវបានចាត់ទុកថាផ្ទុយទៅនឹង “វត្ថុ និងគោលបំណង” នៃអនុសញ្ញា ស្តីពីការលុបបំបាត់ទាំងអស់នូវទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៧៩ ដោយមហាសន្និបាត អង្គការសហប្រជាជាតិ។
ប្រទេសជប៉ុនបានធ្វើការតវ៉ាជាមួយគណៈកម្មាធិការដោយនិយាយថាប្រព័ន្ធស្នងរាជ្យរបស់អធិរាជមានទំនាក់ទំនងជាមួយ “មូលដ្ឋានគ្រឹះ” របស់ជប៉ុន ហើយថា ការយោងទៅច្បាប់គឺ “មិនអាចទទួលយកបាន” ហើយគួរតែត្រូវបានលុបចេញពី របាយការណ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោល Kitamura បានបន្ដថា ច្បាប់ស្នងរាជ្យមិនគួរ ត្រូវបានចាត់ទុកថាជា “ការរើសអើង” ដូចដែលបានកំណត់ ដោយអនុសញ្ញានោះទេ ដោយហេតុថា “សិទ្ធិឡើង គ្រងរាជ្យរបស់អធិរាជ មិនមែនជាផ្នែក នៃសិទ្ធិមនុស្សជាមូល ដ្ឋាននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា