ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល តែងតាំងមេទ័ពថ្មី មួយសប្ដាហ៍ក្រោយមេទ័ព ចាស់លាលែងពីតំណែង

AFP

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានសម្រេចចិត្តរួមគ្នា តែងតាំងលោក Eyal Zamir ជាមេទ័ពថ្មី បន្ទាប់ពីលោក Herzi Halevi បានលាលែង ពីតំណែង កាលពីសប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី។

លោក Zamir អាយុ ៥៩ឆ្នាំ បានបម្រើការជាអគ្គនាយក នៃក្រសួងការពារជាតិ អស់រយៈពេលពីរឆ្នាំកន្លងមកហើយ នឹងចូលកាន់តំណែងថ្មី របស់គាត់ជាផ្លូវការនៅថ្ងៃទី០៦ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាមួយនឹងអាជីពរយៈពេល ៣៨ឆ្នាំនៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Zamir បានកាន់តំណែងជាន់ខ្ពស់ រួមទាំងអគ្គសេនាធិការរង មេបញ្ជាការបញ្ជាការខាងត្បូង និងលេខាយោធាដល់នាយករដ្ឋមន្ត្រី។

នៅក្នុងលិខិតលាលែងពីតំណែង របស់លោក Halevi បានសារភាពថា IDF “បានបរាជ័យក្នុងបេសកកម្មរបស់ខ្លួន ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល” នៅពេលដែលក្រុមហាម៉ាស់ បានធ្វើការវាយប្រហារយ៉ាង សាហាវទៅលើអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top