កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី បានសម្តែងនូវបំណង ចង់ឃើញទំនាក់ទំនង កាន់តែរឹងមាំ រវាងអូស្ត្រាលី និងចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធ ពិធីបុណ្យចូលឆ្នាំចិននៅទីក្រុងមែលប៊ន លោក អាល់បានី បានឲ្យដឹងថា វាជាផលប្រយោជន៍របស់ទាំងអូស្ត្រាលី និងចិន ក្នុងការធ្វើជា “មិត្តដ៏អស្ចារ្យ ហើយថារដ្ឋាភិបាលអូស្ត្រាលី ប្តេជ្ញារក្សាស្ថិរភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលអូស្ត្រាលី នាំចេញផលិតផលដូចជាសាច់គោ បង្កង និងស្រាទៅកាន់ប្រទេសចិន។
លោកបានសង្កត់ធ្ងន់ថា បើប្រៀបធៀបនឹងទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែសំខាន់។ លោកបានបន្តថា “វប្បធម៌ចិនបានពង្រឹងប្រទេសអូស្ត្រាលី និងពង្រីកការយល់ដឹងរបស់យើង” ដោយលោកបានបន្ថែមថា ការប្រារព្ធពិធីចូលឆ្នាំចិនគឺជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់អូស្ត្រាលី។
នៅក្នុងព្រឹត្តិការណ៍នោះ មេដឹកនាំបក្សប្រឆាំង របស់ប្រទេសអូស្ត្រាលី លោក Peter Dutton បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងប្រទេសចិន ៕
ប្រែសម្រួល ឈូក បូរ៉ា