ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចបន្តរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

យោងតាមលិខិតរបស់ ក្រសួងអប់រំ ផ្ញើជូន លោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។

ក្រសួង នឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង៕

To Top