ព័ត៌មានអន្តរជាតិ

កាណាដា និងម៉ិកស៊ិក តម្លើងពន្ធសងសឹកលើទំនិញអាមេរិកវិញ ដើម្បីឆ្លើយតបទៅនឹងការ ដាក់ពន្ធដោយប្រធានាធិបតី Donald Trump

AFP

បរទេស៖ ប្រទេសកាណាដា និងម៉ិកស៊ិក បានបញ្ជាឱ្យដំឡើងពន្ធសងសឹក លើទំនិញអាមេរិកជាការឆ្លើយតបទៅនឹង ការដាក់ពន្ធដោយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ បានចោទសួរកាលពីថ្ងៃអាទិត្យថា តើសង្គ្រាមពាណិជ្ជកម្មថ្មីអាចប៉ះពាល់ ដល់ពួកគេដែរឬទេ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសកាណាដាបានបញ្ជាឱ្យតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលរបស់អាមេរិកចាប់ពីថ្ងៃអង្គារ រួមទាំងភេសជ្ជៈ គ្រឿងសម្អាង និងផលិតផលក្រដាសដែលមានតម្លៃ ៣០ ពាន់លានដុល្លារកាណាដា (២០ ពាន់លានដុល្លារ)។ បញ្ជីមុខទំនិញទីពីរនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ រួមមានរថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ ផលិតផលដែក និងអាលុយមីញ៉ូម ផ្លែឈើ និងបន្លែមួយចំនួន សាច់គោ សាច់ជ្រូក ផលិតផលទឹកដោះគោ ផលិតផលអាកាស និងអ្វីៗជាច្រើនទៀត។ ទំនិញទាំងនោះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ១២៥ ពាន់លានដុល្លារកាណាដា ស្មើនឹងប្រហែល ៨៥ ពាន់លានដុល្លារ។

លោក Trump បាននិយាយថា “យើងអាចលេងហ្គេមដែលពួកគេចង់បាន” ។ លោកបាននិយាយថា លោកគ្រោងនឹងនិយាយជាមួយសមភាគីកាណាដានិងម៉ិកស៊ិកនៅថ្ងៃច័ន្ទ។ ម៉ិកស៊ិកបាននិយាយរហូតមកដល់ពេលនេះថា ខ្លួននឹងដាក់ពន្ធសងសឹកដោយមិនបាននិយាយអំពីអត្រា ឬផលិតផលណាមួយឡើយ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានដាក់ពន្ធថ្មីគឺ ២៥ភាគរយ លើទំនិញពីកាណាដា និងម៉ិកស៊ិក ជាមួយនឹងអត្រាទាបជាង ១០ភាគរយ សម្រាប់ប្រេងកាណាដា និង ១០ភាគរយ លើការនាំចូលពីប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top