ព័ត៌មានជាតិ

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យការងារ អន្តរាគមន៍ សង្គ្រោះស្រូវប្រាំង ប្រជាកសិករ ដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន

ភ្នំពេញ ៖ គោរពតាមអនុសាសន៍ ណែនាំដ៏យកចិត្តទុកដាក់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅដល់គ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹក ជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការងារ អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំង ប្រជាកសិករប្រមាណ ១៧០០ហិកតា នៅឃុំស្នឹង និងបានជួបសំណេះសំណាល ជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

សូមជម្រាបថា នៅឆ្នាំ២០២៥នេះ បើតាមការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋានអំពីផែនការស្រូវប្រាំង ក្នុងខេត្តបាត់ដំបងមានចំនួន ២៧០០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងមានរហូតដល់ ៨៦១១៥ហិកតា។ ដោយឡែកនៅក្នុងភូមិទាំង១១ នៃឃុំស្នឹង ស្រុកបាណន់ ផែនការស្រូវប្រាំងមានចំនួន ៨០០ហិកតា តែការបង្កបង្កើនផល មានចំនួនប្រមាណ ១៧០០ហិកតា ក្នុងនោះបើទោះបីជា ក្រុមការងារ បានយកចិត្តទុកដាក់ នៅក្នុងការអន្តរាគមន៍ ដើម្បីបូមទឹកជួយសង្គ្រោះ យ៉ាងណាក៏នៅមានស្រូវចំនួន ៣ហិកតា បានទទួលរងការខូចខាតទាំងស្រុង ដោយសារតែស្ថិតនៅឆ្ងាយ ពីប្រភពទឹកខ្លាំងពេក។

ឆ្លើយតបចំពោះសំណូមពរ ក៏ដូចជាកង្វល់ របស់បងប្អូនប្រជាកសិករ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ ជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ប្រៀបដូចជា ឪពុកម្តាយ ដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បីជួយ ឱ្យកូនមានជីវភាព កាន់តែប្រសើរឡើង ។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរជួយដោះស្រាយកង្វល់របស់កសិករ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មី ជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយនឹងការណែនាំឱ្យប្រើប្រាស់ ពូជស្រូវដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្រប តាមតម្រូវការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យរួមសហការគ្នា ហើយស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសលោកមេឃុំ ដែលជាអ្នកនៅផ្ទាល់តែម្ដង ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតមានឡើងចំពោះមុខ ដើម្បីទទួលបានភាពរីក ចម្រើនទាំងអស់គ្នា ។

នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី និងក្រុមការងារក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៨៦៦ហិកតា ដែលប្រឈមនឹងកង្វះទឹកស្រោចស្រពនាពេលខាងមុខ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងបានចុះពិនិត្យទីតាំងដែលមានជំនន់ទឹកភ្លៀងជន់លិចនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

To Top