ព័ត៌មានជាតិ

កម្ពុជា បើកទ្វារស្វាគមន៍ រាល់អ្នកវិនិយោគទាំងអស់ មានបំណងវិនិយោគ លើវិស័យកសិកម្ម

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ មានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើម របស់ប្រជាកសិករ។

លោករដ្ឋមន្ត្រី លោក ឌិត ទីណា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាស នៃជំនួប លោករដ្ឋមន្ដ្រី បានសម្តែង នូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាព ចូលរួមចំណែកក្នុងវិស័យ កសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លើសពីនេះ លោក រដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាព សេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួម ក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានា ជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។

បើតាម លោករដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយ កាត់បន្ថយថ្លៃ ដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគ លើការសិក្សាស្រាវជ្រាវគ្រប់ អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។

ពាក់ព័ន្ធនឹងការងារគម្រោង លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

To Top