ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រង និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យុទ្ធគុនដូនតាខ្មែរ បានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាស បានអនុញ្ញាតឱ្យ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវ គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវ គម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការ បានសម្រេចការងារសំខាន់ៗមួយចំនួន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល សម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា «យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុក សម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់»។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុត ដែលចងក្រងអំពីយុទ្ធគុនដូនតាខ្មែរ។ ជាមួយគ្នានេះ គណៈកម្មការត្រូវសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុននីមួយៗ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបានបាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរ ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។

សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់ គណៈកម្មការបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ ប្រភេទយុទ្ធគុណដូនតាខ្មែរ ដ៏សម្បូណ៌បែប។ ចំពោះការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យគណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយ ពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតាខ្មែរយើង៕

To Top