ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង សម្តែងនូវក្ដីរីករាយ ចំពោះការពន្យារពេល យកពន្ធរបស់លោក ត្រាំ

Kyodo

សេអ៊ូល៖ ប្រធានាធិបតីស្តីទី Choi Sang-mok បានសម្តែងការធូរស្រាលជុំវិញការ សម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្អាកពន្ធបន្ថែមលើប្រទេសកាណាដា និងម៉ិកស៊ិក សម្រាប់រយៈពេលមួយខែ ប៉ុន្តែបានព្រមានអំពីការកើនឡើងនៃ ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

លោក Choi បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធសេដ្ឋកិច្ច បន្ទាប់ពីប្រធានាធិបតី Donald Trump បានយល់ព្រមពន្យារពេល ការដំឡើងពន្ធគយរយៈពេល ៣០ថ្ងៃ ខណៈដែលប្រទេសជិតខាងទាំងពីរបានសន្យា ពង្រឹងកិច្ចខិតខំប្រឹងប្រែងសន្តិសុខតាមព្រំដែន។

លោកបានលើកឡើងថា “នៅព្រឹកនេះ យើងមានអារម្មណ៍ធូរស្រាល នៅពេលដឹងថារដ្ឋបាលលោក ត្រាំ បានពន្យារពេលការអនុវត្តពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេលមួយខែ”។ ទោះជាយ៉ាងណាក៏ដោយ លោកបានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពកើនឡើងនៃវិធានការពន្ធបន្ថែម ដែលផ្តោតលើប្រទេសផ្សេងទៀត រួមទាំងសហភាពអឺរ៉ុបផងដែរ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបន្តតាមដាន ដោយប្រុងប្រយ័ត្ននូវការអភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ដែល អាចកើតមានលើសេដ្ឋកិច្ចដែលពឹងផ្អែកលើ ការនាំចេញរបស់កូរ៉េខាងត្បូង។ លើសពីនេះទៀត លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ ក្រុមហ៊ុននាំចេញក្នុងស្រុក ជាពិសេសក្រុមហ៊ុនខ្នាតតូច និងមធ្យម ជាមួយនឹងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេស ដែលរងផលប៉ះពាល់ដោយគោល នយោបាយពន្ធចុងក្រោយរបស់លោក ត្រាំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top