ព័ត៌មានជាតិ

ក្រសួងការងារ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារ នៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០។

លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាព អភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្របទៅនឹង តម្រូវការឧស្សាហកម្មនិងការរីកចំរើន ផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ជាការឆ្លើយតប លោកស្រី ឆយ ម៉ូនជុង បានបង្ហាញនូវការពេញចិត្ត ចំពោះការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង KOICA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ជឿជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ទន្ទឹមនឹងអាទិភាពរបស់ប្រទេសកូរ៉េ ដែលត្រូវការកម្លាំងពលកម្មជំនាញពីបរទេស៕

To Top